កីឡា

ពិតជាមិនគួរឱ្យជឿសោះថា សំណល់ខួរក្បាលរបស់មនុស្សសម័យបុរាណតាំងពី ២៦០០ឆ្នាំមុន នៅមានសភាពល្អស្ទើរទាំងស្រុង!

BY
Khmernote Media
January 16, 2020

នៅក្នុងឆ្នាំ២០០៨ ក្រុមបុរាណវិទូបានជីក និងប្រទះឃើញលលាដ៍ក្បាលបុរសម្នាក់ដែលស្ថិតនៅទីតាំងធ្វើកំណាយមួយកន្លែងក្នុងចក្រភពអង់គ្លេស។ សាកសពបុរសម្នាក់នោះទំនងជាបានស្លាប់រាប់ពាន់ឆ្នាំមកហើយ គឺស្លាប់ដោយការព្យួរក នេះបើតាមការវិនិច្ឆ័យទៅលើឆ្អឹងកងកដែលបានបាក់។ យោងតាមការពិសោធន៍ ឃើញថាលលាដ៍ក្បាលមួយនេះមានអាយុកាលយ៉ាងតិចក៏ ២,៦០០ឆ្នាំ ដែរ។

បើយោងតាមក្រិតក្រមធម្មជាតិ បំណែកសាកសពដែលមានអាយុកាលរាប់ពាន់ឆ្នាំបែបនេះច្បាស់ជាមានសភាពពុកផុយ និងយ៉ាប់យឺនខ្លាំង ប៉ុន្តែដោយឡែកក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែខួរក្បាលមួយដុំដែលនៅក្នុងលលាដ៍នោះគឺនៅមានសភាពល្អសឹងតែមិនគួរឱ្យជឿ។

មានសំណួរសួរថា ហេតុអ្វីបានជាខួរក្បាលមួយដុំនោះអាចរក្សាគុណភាពឱ្យមានសភាពស្អាតល្អបានយូរដោយមិនមានការខូចខាតច្រើនយ៉ាងនេះ?

យោងតាមការបកស្រាយបែបវិទ្យាសាស្ត្រ ក្រុមអ្នកស្រាវជ្រាវដែលពាក់ព័ន្ធនៅក្នុងការសិក្សាថ្មីមួយនេះជឿជាក់ថា បាតុភូតនេះបណ្តាលមកពីឥទ្ធិពលនៃសមាសធាតុមួយចំនួនពីមជ្ឈដ្ឋានខាងក្រៅ។

នៅក្នុងរបាយការណ៍មួយដែលបានកត់ត្រាដោយក្រុមអ្នកជំនាញបង្ហាញថា “សារធាតុអង់ហ្ស៊ីមមួយប្រភេទដែលគេហៅថា ប្រូទីស (Proteases) ដែលមានវត្តមាននៅក្នុងខួរក្បាលបុរាណនោះ អាចត្រូវបានរារាំង ឬបង្អាក់ដំណើរវិវត្តន៍ដោយសមាសធាតុចម្លែកម្យ៉ាងពីមជ្ឈដ្ឋានខាងក្រៅ។”

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ទៅលើដំណើរស្អុយរលួយនៃរាយកាយរបស់មនុស្សបន្ទាប់ពីការស្លាប់ ដែលជាធម្មតាវាចាប់ផ្តើមក្នុងរយ:ពេលពី ៣៦ ទៅ ៧២ម៉ោង ហើយការស្អុយរលួយរហូតសល់តែគ្រោងឆ្អឹងទាំងស្រុងនោះគឺត្រូវចំណាយពេលចន្លោះពី ៥ ទៅ ១០ឆ្នាំឯណោះ។ អាស្រ័យហេតុនេះ ការរក្សាទុកនូវរាល់ប្រូតេអ៊ីននៃខួរក្បាលរបស់មនុស្សនៅកម្រិតសីតុណ្ហភាពធម្មតាដូចដែលនៅជុំវិញខ្លួនយើង គឺវាគួរតែមិនអាចទៅរួចនោះឡើយក្នុងការរក្សាសរីរាង្គខួរក្បាលធម្មជាតិមួយឱ្យនៅស្អាតល្អក្នុងរយ:ពេលរាប់ពាន់ឆ្នាំបែបនេះ។

បើទោះបីជាទ្រង់ទ្រាយខួរក្បាលបុរាណនោះត្រូវបានរក្សាទុកឱ្យស្ថិតនៅក្នុងសភាពល្អក៏ពិតមែន ប៉ុន្តែប្រព័ន្ធកោសិការបស់វាលែងដំណើរការបាត់ទៅហើយ៕

ប្រភព៖ allthatsinteresting

Share This Post: