កាន់តែធ្ងន់ធ្ងរហើយ! ជំងឺរលាកសួតថ្មី ដែលកើតចេញពីប្រទេសចិននោះ ឥលូវរាតត្បាតដល់សិង្ហបុរី និងវៀតណាមហើយ
សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នេះបានប្រកាសពីករណីវីរុស coronavirus ជាវីរុសថ្មី ដែលបានបង្កឱ្យមនុស្សរាប់រយនាក់ធ្លាក់ខ្លួនឈឺ និងយ៉ាងហោចណាស់ ១៧ នាក់ស្លាប់បាត់បង់ជីវិត។ នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា មានអ្នកជំងឺជាបុរសជនជាតិចិនអាយុ ៦៦ ឆ្នាំម្នាក់ ដែលជាអ្នកស្រុកអ៊ូហាន មានផ្ទុកវីរុស coronavirus ដោយរូបគាត់បានមកដល់ប្រទេសសិង្ហបុរីជាមួយក្រុមគ្រួសាររបស់គាត់កាលពីថ្ងៃទី ២០ ខែមករា កន្លងទៅ ដោយបានហោះចេញពីក្វាងចូវតាមជើងហោះហើរចិនភាគខាងត្បូង CZ351។
បច្ចុប្បន្នបុរសរូបនោះត្រូវបានដាក់ឲ្យដាច់ដោយឡែកពីគេឯងនៅមន្ទីរពេទ្យ Singapore General Hospital គាត់ត្រូវបានរាយការណ៍ថា មានអាការៈឈឺបំពង់កពេលកំពុងហោះហើរ ប៉ុន្តែគ្មានគ្រុនក្តៅទេ។ ប៉ុន្មានថ្ងៃក្រោយមកបុរសនោះក៏មានអាការៈគ្រុនក្តៅ និងចាប់ផ្តើមក្អកទៀតផង។
ចំណែកនៅឯប្រទេសវៀតណាមវិញ ជនជាតិចិនពីរនាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Saigon កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានធ្វើតេស្តវិជ្ជមាន មានវីរុសរលាកសួតថ្មីនេះ។ អ្នកតំណាងនៃមន្ទីរពេទ្យជោរៃបាននិយាយថា បុរសឈ្មោះ Li Ding អាយុ៦៦ឆ្នាំ និងកូនប្រុសឈ្មោះ Li Zichao អាយុ២៨ឆ្នាំ បានឆ្លងមេរោគនោះពីគ្នាទៅវិញទៅមក។ នេះជាករណីទីមួយហើយរបស់ប្រទេសវៀតណាម ដែលមានអ្នកឆ្លងវីរុសដ៏សាហាវនេះចាប់តាំងពីពេលដែលវាឆ្លងពីទីក្រុង Wuhan របស់ប្រទេសចិនកាលពីខែធ្នូមក៕

អត្ថបទ៖ សេម
ប្រភព៖ channelnewsasia, vnexpress

