កីឡា

អ្នកដំណើរនៅលើនាវា Westerdam និយាយថា លទ្ធផលតេស្តវិជ្ជមាន ដែលមិនពិតរបស់ម៉ាឡេស៊ី ធ្វើឱ្យអ្នកដំណើររាប់រយនាក់ខាតបង់

BY
autoadmin
February 22, 2020

តាមសម្ដីរបស់លោក Steve Muth មកពីរដ្ឋ Michigan ដែលបានធ្វើដំណើរជាមួយគ្រួសាររួមគ្នាលើនាវា Westerdam បានមានការសង្ស័យផ្ទាល់ខ្លួន អំពីលទ្ធផលការធ្វើតេស្តលើស្ត្រីអាមេរិកម្នាក់នោះ។ លោកបាននិយាយតាមអ៊ីមែលទៅកាន់ USA TODAY កាលពីថ្ងៃសុក្រថា៖ “ខ្ញុំគិតថាមនុស្សជាច្រើនរួមទាំងរូបខ្ញុំផងដែរ មានការសង្ស័យយ៉ាងខ្លាំងចំពោះលទ្ធផលតេស្តដំបូង ដែលបង្ហាញថាគាត់មានភាពវិជ្ជមានជាមួយវីរុស”។ គាត់បន្ថែមថា៖ “លទ្ធផលតេស្តវិជ្ជមានមិនពិតនេះ បានបណ្តាលឱ្យមានការខូចខាតដល់អ្នកដំណើររាប់រយនាក់ ដែលគ្មានកំហុសនៅលើ Westerdam ហើយត្រូវបានគេបដិសេធមិនឱ្យពួកគេហោះហើរត្រឡប់មកផ្ទះវិញ”។

ការខូចខាតមួយចំនួនទៀតគឺហិរញ្ញវត្ថុ នេះបើតាមសម្ដីអ្នកនាង Elly Chybowski ដែលធ្វើដំណើរនៅលើ Westerdam ជាមួយប្តីរបស់នាងឈ្មោះ Timothy ដែលត្រូវបានធ្វើដំណើរមកផ្ទះវិញ តាមជើងហោះហើរពីប្រទេសកម្ពុជាឆ្លងកាត់ទីក្រុងតូក្យូ និងទីក្រុង Dallas/Fort Worth ទៅផ្ទះរបស់ពួកគេនៅ Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក។ អ្នកនាងបានប្រាប់ USA TODAY តាមអ៊ីមែលថា៖ “ប្រហែលជា ២ម៉ោង មុនពេលហោះហើរពី (តូក្យូ) ទៅទីក្រុងដាឡាស សំបុត្ររបស់យើងត្រូវបានគេលុបចោលវិញដោយមិនដឹងមូលហេតុ”។ ដោយភ័យស្លន់ស្លោ និងមិនអាចទទួលបានចម្លើយ ប្តីប្រពន្ធទាំង ២នាក់នេះ បានកក់សំបុត្រយន្តហោះវិញ ដោយបានចំណាយអស់ពីហោប៉ៅ សរុបបាន ៥,១៣០ដុល្លារ។ ហើយពួកគេបានមកដល់ផ្ទះកាលពីថ្ងៃពុធ។

អ្នកនាង Elly Chybowski បានសរសេរនៅថ្ងៃសុក្រនេះថា ពេលមកដល់ផ្ទះវិញពួកគេត្រូវបានទាក់ទងដោយមន្ទីរសុខភាពសាធារណៈក្នុងតំបន់ ដោយសារថាពួកគាត់ជាអ្នករួមដំណើរជាមួយស្ត្រីម្នាក់ ដែលខាងម៉ាឡេស៊ីនិយាយថាមានវីរុស។ ដោយសារវាត្រូវបានគេចាត់ទុកថាជា “ការប្រឈមនឹងហានិភ័យមធ្យម” គូស្វាមីភរិយានេះត្រូវបានគេដាក់តាមដានរហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីកាត់បន្ថយលទ្ធភាពឆ្លង។ ដូច្នេះហើយវាធ្វើឱ្យប្តីរបស់អ្នកនាងមិនអាចវិលត្រឡប់ទៅធ្វើការវិញទេ ហើយកូនរបស់ពួកគេជាអ្នកយកអាហារឱ្យពួកគេបរិភោគ។ អ្នកនាង Chybowski បានសង្កត់ធ្ងន់ថា៖ “ការរំខានដល់ជីវិតរបស់មនុស្សជាច្រើន គឺវាគួរឱ្យខ្លាចណាស់។ ភាពតានតឹងផ្លូវចិត្តចំពោះយើងទាំងអស់គ្នា នៅក្នុងពេលមានភាពមិនប្រាកដប្រជា មុនពេលដែលយើងបានមកដល់ផ្ទះវិញ គឺមិនអាចវាស់វែងបានទេ”៕

អត្ថបទ៖ លីដា
ប្រភព៖ usatoday

Share This Post: