កីឡា

កីឡាករ Cristiano Ronaldo ត្រូវនៅដាច់ដោយឡែកពីគេមួយរយៈ បន្ទាប់ពីបានប៉ះពាល់ជាមួយមិត្តរួមក្រុម Daniele Rugani ដែលតេស្ដវិជ្ជមានជាមួយវីរុស COVID-19

BY
autoadmin
March 12, 2020

កីឡាករ Cristiano Ronaldo ពេលនេះកំពុងស្ថិតនៅដាច់ដោយឡែកពីគេ នៅឯគេហដ្ឋានរបស់គាត់នៅតំបន់ Madeira ប្រទេសព័រទុយហ្កាល់ បន្ទាប់ពីមិត្តរួមក្រុម របស់ក្លឹបសេះបង្កង់ Juventus លោក Daniele Rugani បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូរ៉ូណា។ តារាបាល់ទាត់ដ៏ល្បីល្បាញរូបនេះ បានហោះទៅលេងស្រុកកំណើតដើម្បីទៅមើលម្តាយដែលកំពុងតែឈឺនាពេលថ្មីៗនេះ មុនពេលដែលមានព័ត៌មានបែកធ្លាយថាគាត់គួរតែនៅដាច់ដោយឡែកសិន ជាជាងត្រឡប់ទៅអ៊ីតាលីវិញ ដែលកំពុងមានការផ្ទុះឡើងនៃវីរុសយ៉ាងខ្លាំង។ តាមប្រភពបានឱ្យដឹងថា ទាំងលោក Ronaldo និង Rugani បាននៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នាកាលពីថ្ងៃអាទិត្យ នៅពេលដែលក្លឹប Juventus បានបំបាក់ក្រុម Inter Milan ក្នុងលទ្ធផល ២-០ ។

នៅក្នុងរូបថតជាក្រុមមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ដោយ Miralem Pjanic បន្ទាប់ពីចប់ការប្រកួត គេឃើញថា Ronaldo និង Rugani បានអបអរជ័យជម្នះជាមួយមិត្តរួមក្រុមយ៉ាងជិតស្និទ្ធ។ ពេលនេះអ្នកដែលបានប៉ះពាល់ជាមួយ Rugani ត្រូវបានប្រាប់ឱ្យនៅដោយឡែកទាំងអស់។ សារព័ត៌មានព័រទុយហ្កាល់បានចុះផ្សាយរឿងរ៉ាវនេះនៅលើទំព័រមុខរបស់ពួកគេ ដូចជា Quotidiano Sportivo និង Abola សុទ្ធតែសរសេរថា Ronaldo កំពុងស្ថិតនៅដាច់ពីគេ។ គួរឱ្យដឹងដែរថា ស្ថានភាពនៅអ៊ីតាលីពេលនេះគឺអាក្រក់ខ្លាំងណាស់ ដែលតម្រូវរាល់ព្រឹត្តិការណ៍កីឡាទាំងអស់ត្រូវបានលុបចោលរហូតដល់យ៉ាងហោចណាស់ថ្ងៃទី០៣ ខែមេសា។ ក្រុមសេះបង្កង់ Juventus ក៏គ្រោងនឹងប្រកួតបិទទ្វារពហុកីឡដ្ឋានជាមួយក្លឹប Lyon នៅក្នុងក្របខណ្ឌ Champions League នាថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ប៉ុន្តែទំនងជានឹងត្រូវផ្អាកវិញផងដែរ៕

អត្ថបទ៖ លីដា

Share This Post: