រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់បានសម្លាប់ខ្លួន ព្រោះតែស្រ្តេសនឹងបញ្ហាសេដ្ឋកិច្ចជាតិ ដែលបង្កឡើងដោយមេរោគកូវីដ ១៩ខ្លាំងពេក
អាឡឺម៉ង់៖ យោងតាមការចុះផ្សាយលើសារព័ត៌មាន aljazeera បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រចាំនៅក្នុងរដ្ឋ Hesse ប្រទេសអាឡឺម៉ង់ បានសម្លាប់ខ្លួនឯងព្រោះតែលោកស្រ្តេសខ្លាំងពេកចំពោះបញ្ហាសេដ្ឋកិច្ចជាតិ ដែលបង្កឡើងដោយសារតែការរីករាលនៃមេរោគកូវីដ ១៩។ រដ្ឋមន្ត្រីក្រសួងវហិរញ្ញវត្ថុរូបនេះមានឈ្មោះថា Thomas Schaefer អាយុ ៥៤ឆ្នាំ មានប្រពន្ធនិងកូនចំនួន ២នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា សាកសពរបស់លោក Thomas Schaefer ត្រូវបានគេប្រទះឃើញនៅក្បែរស្ថានីយ៍រថភ្លើងមួយកន្លែង ហើយតាមការពិនិត្យសាកសពគេអាចសន្និដ្ឋានបានថា វាគឺជាករណីធ្វើអត្តឃាត។

ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ សេដ្ឋកិច្ចរបស់អាឡឺម៉ង់ត្រូវបានគេមើលឃើញថា កាន់តែមានបញ្ហាចាក់ស្រេះធ្ងន់ធ្ងរឡើងៗ ហើយនៅតាមបណ្តាញសារព័ត៌មានវិញគេបានឃើញលោក Thomas Schaefer តែងបង្ហាញខ្លួនជាញឹកញាប់ ដើម្បីបង្ហាញពីវិធានការបន្ទាន់ផ្សេងៗចំពោះបញ្ហា ដែលពិបាកដោះស្រាយ ខណៈគេបានសង្កេតឃើញថា លោកតែងមានឥរិយាបថព្រួយបារម្ភ និងខ្វល់ខ្វាយជាខ្លាំង។ ព្រោះតែបញ្ហាស្រេ្តសលើសកម្រិតនេះហើយ ទើបជំរុញឲ្យលោក Thomas Schaefer សម្រេចធ្វើអត្តឃាតតែម្តង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអាឡឺម៉ង់មានអ្នកឆ្លងមេរោគកូវីដចំនួន ៦២ ៤៣៥ ករណី និងស្លាប់ ៥៤១ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ aljazeera