អ្នកស្រុកវូហានអះអាងថា កូវីដ១៩ អាចសម្លាប់មនុស្សជាង ៤០,០០០នាក់ នៅក្នុងទីក្រុងនេះ មិនមែនត្រឹមតែ ៣,២០០នាក់ ដូចរដ្ឋាភិបាលចិនអះអាងនោះទេ
អ្នកស្រុកវូហានអះអាងថា វីរុសកូរ៉ូណាអាចសម្លាប់មនុស្ស ៤២,០០០នាក់ នៅក្នុងទីក្រុងនេះ ដែលច្រើនជាង ១០ដង នៃតួលេខជាតិដែលអះអាងដោយអាជ្ញាធរចិន។ វីរុស COVID-19 នេះមានដើមកំណើតនៅទីក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន និងបានឆក់យកអាយុជីវិតមនុស្ស ចំនួន ៣,៣០០នាក់ និងឆ្លងជាង ៨១,០០០នាក់។ ក្នុងចំណោមនោះ មានអ្នកស្លាប់ចំនួន ៣,១៨២នាក់ ត្រូវបានរាយការណ៍នៅក្នុងខេត្តហ៊ូប៉ី។

ប៉ុន្តែអ្នករស់នៅក្នុងទីក្រុងវូហានអះអាងថា មានកោដ្ឋចំនួន ៥០០ ចេញពីទីតាំងបូជាសព ១ ក្នុងចំណោម ៧កន្លែង ដាច់ដោយឡែកពីគ្នារបស់ទីក្រុង ត្រូវបានប្រគល់ទៅក្រុមគ្រួសាររបស់ពួកគេរៀងខ្លួនជារៀងរាល់ថ្ងៃ។ នេះមានន័យថាធាតុមនុស្សចំនួន ៣,៥០០នាក់ ត្រូវបានចែកចាយរៀងរាល់ ២៤ម៉ោងម្តង។ ក្នុងនោះផងដែរទីតាំងបូជាសពចំនួន៣ គឺ Hankou, Wuchang និង Hanyang បានប្រាប់ក្រុមគ្រួសារសពថា ពួកគេនឹងទទួលធាតុត្រឹមថ្ងៃទី៥ ខែមេសា សម្រាប់ឱកាសពិធីឆេងមេង។
នេះមានន័យថា ធាតុចំនួន ៤២,០០០ អាចត្រូវបានចែកចាយក្នុងរយៈពេល ១២ថ្ងៃនោះ។ តាមរបាយការណ៍មុនៗបានបញ្ជាក់ថា នៅ Hankou តែមួយបានទទួលបានការដឹកជញ្ជូនចែកចាយធាតុចំនួន ៥,០០០ដង ក្នុងពេលតែ ២ថ្ងៃប៉ុណ្ណោះ ដែលនេះវាលើសពីចំនួនស្លាប់សរុបដែលរដ្ឋាភិបាលបានប្រកាសទៅទៀត។ វាកើតឡើងនៅពេលដែលខេត្តមានប្រជាជន ៥០លាននាក់ មួយនេះ បានបន្ធូរបន្ថយការជាប់គាំងរយៈពេលពីរខែរបស់ខ្លួន។
ទាក់ទងនឹងតួលេខរបស់រដ្ឋាភិបាលដែលបានផ្ដល់ឱ្យ អ្នកស្រុកម្នាក់នៅទីក្រុងវូហានដែលមានត្រកូលចាងបានប្រាប់វិទ្យុអាស៊ីសេរីថា៖ «វាមិនត្រឹមត្រូវទេពីព្រោះកន្លែងបូជាសពបានធ្វើការពេញម៉ោង ដូច្នេះតើមានមនុស្សប៉ុន្មាននាក់បានស្លាប់ទៅ?» ជាក់ស្ដែងប្រភពស្និទ្ធនឹងអាជ្ញាធរក្នុងខេត្តហ៊ូប៉ីបាននិយាយថា អ្នកស្រុកជាច្រើនបានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដោយមិនបានធ្វើរោគវិនិច្ឆ័យជាផ្លូវការទេ។ ពួកគេបានអះអាងថា តួលេខដែលពួកគេប៉ាន់ស្មាននេះមិនមែនបំផ្លើសទេ ខណៈការបូជាសពចំនួន ២៨,០០០ ត្រូវបានធ្វើឡើងនៅត្រឹមខែដំបូង។ ចុះលោកអ្នកវិញគិតបែបណាចំពោះការអះអាងនេះ?


អត្ថបទ៖ លីដា
ប្រភព៖ Dailymail