ប៉ូលិសឥណ្ឌាពាក់មួកវីរុសកូវីដ ១៩ ចុះអប់រំពលរដ្ឋឲ្យនៅក្នុងផ្ទះអំឡុងពេលរដ្ឋាភិបាលបិទប្រទេសទាំងមូល
ឥណ្ឌា៖ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា មានប៉ូលិសម្នាក់ពាក់មួកសុវត្ថិភាពមានការរចនាម៉ូតពីក្រៅជារូបរាងនៃមេរោគកូវីដ ១៩ ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញអ៊ីនធឺណិត និងទទួលបានការកោតសរសើរជាខ្លាំងចំពោះគំនិតច្នៃប្រឌិដ្ឋមួយនេះ។ បើតាមសារព័ត៌មាន CNN បានចុះផ្សាយថា ប៉ូលិសគំរូរូបនេះមានឈ្មោះថា Rajesh Babu ជាអធិការប៉ូលីសប្រចាំនៅក្នុងទីក្រុង Chennai ប្រទេសប្រទេសឥណ្ឌា។ សកម្មភាពមួយនេះបានកើតឡើងក្រោយពីរដ្ឋាភិបាលឥណ្ឌាសម្រេចបិទប្រទេសខ្លួនរបស់មួយរយៈសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។

បើតាមប្រភពខាងលើបានបន្តថា មូលហេតុដែលនាំឲ្យលោកអធិការ Rajesh Babu សម្រេចធ្វើសកម្មភាពដូចខាងលើនេះ គឺគាត់ចង់ចុះទៅអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ពីវិធានការឃុំខ្លួននៅផ្ទះ និងវិធានការអនាម័យដែលប្រជាពលរដ្ឋត្រូវអនុវត្តក្នុងអំឡុងពេល ដែលរដ្ឋាភិបាលសម្រេចបិទប្រទេស ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ តាមផែនការឥណ្ឌានឹងបិទប្រទេសខ្លួនរយៈពេល ១៩ ថ្ងៃ ដោយផ្ដើមអនុវត្តពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ ទៅ។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះឥណ្ឌាមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១ ០៧១ ករណី និងស្លាប់ចំនួន ៤៧ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN