កំប្លែងមែន! អ្នកបើកបរវៀតណាម៣នាក់ សុខចិត្តអាវ៉ង់នៅនឹងមុខប៉ូលីស ដើម្បីបញ្ជាក់ថាខ្លួនសុខភាពល្អ ព្រោះពួកគេបានចេញក្រៅមិនពាក់ម៉ាស់
ប៉ុន្មានថ្ងៃថ្មីៗនេះអ្នកលេងអ៉ីនធឺណេតនៅទូទាំងប្រទេសវៀតណាម បានចែករំលែកវីដេអូចម្លែកមួយ ដែលបង្ហាញពីបុរស ២នាក់ កំពុងអាវ៉ង់ (push-up) នៅក្បែរមហាវិថីហាណូយ-បាក់កាង ខណៈដែលមន្រ្តីចរាចរណ៍ម្នាក់កំពុងឈរបញ្ជានៅក្បែរនោះ។ បើតាមប្រភព VNexpress បានឱ្យដឹងថា ពួកគេមានគ្នា ៣នាក់ ហើយបានឈប់នៅផ្លូវតភ្ជាប់ពីហាណូយ-បាក់កាង អំឡុងពួកគេបានដឹកអ្នកដំណើរជាអ្នកជំនាញជនជាតិកូរ៉េខាងត្បូង ទៅកាន់សួនឧស្សាហកម្មវ៉ាន់ទ្រុង នៅឯស្រុកវៀតយ៉េន។

ការចូលខ្លួនមកអាវ៉ង់នេះមិនមែនជាការបង្គាប់ឡើយ ប៉ុន្តែពួកគេគឺជាអ្នកសំណូមពរបែបនេះ និងដើម្បីបញ្ជាក់ថាពួកគេសុខភាពល្អទេ ដោយសារថាពួកគេមិនបានពាក់ម៉ាស់។ ការមិនពាក់ម៉ាស់ពេលចេញខាងក្រៅគឺខុសច្បាស់ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងវីរុសរាតត្បាតជាសកលកូវីដ-១៩។ មួយវិញទៀតមូលហេតុដែលពួកគេភ្លាត់ឱ្យមន្ត្រីប៉ូលីសចាប់បាន គឺព្រោះពួកគេបានឈប់រថយន្ដហើយចេញក្រៅ ដោយឱ្យអ្នកដំណើរដើរទៅកន្លែងធ្វើការខ្លួនឯង ព្រោះផ្លូវមុខកន្លែងធ្វើការរបស់ពួកគេស្ទះពេក។
ដូច្នេះហើយអ្នកទាំង៣ មានទោស២ជាន់គ្នា គឺមិនពាក់ម៉ាស់ និងចតរថយន្តលើផ្លូវ។ ជម្រាបដែរថា ការមិនពាក់ម៉ាស់ពេលចេញក្រៅនឹងត្រូវទទួលការពិន័យពី ៤-១២ដុល្លារ ខណៈការឈប់លើផ្លូវ អ្នកបើកបរនឹងត្រូវពិន័យពី ២៥០-៣៤០ដុល្លារ បូករួមទាំងការព្យួរប័ណ្ណបើកបរពី ២ ទៅ ៤ខែ។ វាមិនច្បាស់ទេថា ហេតុអ្វីប៉ូលីសមិនពិន័យទៅតាមច្បាប់ ហើយពួកគេក៏មិនទទួលសំណូកដែរ ប៉ុន្តែតម្រូវឱ្យអ្នកបើកបរទាំងនោះអាវ៉ង់ច្រើនជាង ២០ដង។ ចំណែកពួកអ្នកបើកបរទាំងនោះក៏ធ្វើការអាវ៉ង់ ហើយសន្យាថានឹងច្បាស់លាស់ជាមួយច្បាប់ ដោយមិនបង្កកំហុសទៀតឡើយ៕
អត្ថបទ៖ លីដា
ប្រភព៖ VNexpress