អន្តរជាតិ

សម័យកូរ៉ូណា! សាកលវិទ្យាល័យមួយនៅជប៉ុនប្រើមនុស្សយន្ត ដើម្បីធ្វើជាតំណាងសម្រាប់សិស្សមកទទួលសញ្ញាបត្រ

BY
autoadmin
April 1, 2020

សាកលវិទ្យាល័យ BBT (Business Breakthrough University) របស់ប្រទេសជប៉ុន ថ្មីៗនេះបានប្រារព្ធពិធីទទួលសញ្ញាបត្រឱ្យនិស្សិតរបស់ខ្លួន។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺនិស្សិតដែលត្រូវទទួលសញ្ញាប័ត្រ បានប្រើប្រាស់រ៉ូបូត Avatar robots សម្រាប់តំណាងជាវត្តមានរបស់ពួកគេនៅក្នុងពិធី។ ពោលគឺនិស្សិតបានប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណេតសម្រាប់ទស្សនាពិធី ហើយរ៉ូបូតតំណាងសាមីខ្លួននីមួយៗនឹងឡើងទៅទទួលសញ្ញាបត្រពីសាស្រ្តាចារ្យរបស់ពួកគេ។

សាកលវិទ្យាធិការ និងជាសាស្រ្តាចារ្យលោក Kenichi Omae បាននិយាយថា ចាប់ពីពេលនេះតទៅសាកលវិទ្យាល័យ BBT របស់លោក នៅពេលដែលមានពិធីបញ្ចប់ការសិក្សា នឹងបើកដំណើរការទំនាក់ទំនងអ៉ីនធឺណេតថ្មីមួយ ដែលមានឈ្មោះថា «New Me» ដែលបង្កើតដោយក្រុមហ៊ុន ANA Holdings។ ជាក់ស្ដែងដូចនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ដែលសាកលវិទ្យាល័យ BBT បានប្រារព្ធពិធី​បញ្ចប់​ការសិក្សាតាមរយៈអនឡាញទាំងស្រុង។

នៅក្នុងគំនិតផ្តួចផ្តើមនេះនិស្សិតនឹងមានឱកាសធ្វើប្រតិបត្តិការរ៉ូបូតរបស់ពួកគេពីចម្ងាយ និងទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាធិការ Kenichi Omae ។ វានឹងពង្រីកលទ្ធភាពនៃពិធីបញ្ចប់ការសិក្សាតាមអ៉ីនធឺណេត ហើយនេះគឺជាគំនិតផ្ដួចផ្ដើមដំបូងបំផុតក្នុងពិភពលោក ជាមួយនឹងបច្ចេកវិទ្យា New Me ៕

អត្ថបទ៖ លីដា
ប្រភព៖ PR TIMES

Share This Post: