អង់គ្លេសមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្មេងបំផុតក្នុងប្រទេសខ្លួន ដោយជនរងគ្រោះអាយុទើប ១៣ ឆ្នាំប៉ុណ្ណោះ
អង់គ្លេស៖ សារព័ត៌មាន channelnewsasia បានរាយការណ៍ថា មានករណីក្មេងប្រុសទើបមានអាយុ ១៣ ឆ្នាំម្នាក់ នៅប្រទេសអង់គ្លេស បានស្លាប់បាត់បង់ជីវិតព្រោះតែមេរោគកូវីដ ១៩។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា Ismail Mohamed Abdulwahab ហើយរូបគាត់បានស្លាប់នៅឯមន្ទីរពេទ្យ King’s College នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការស្លាប់របស់ក្មេងប្រុសរូបនេះបានក្លាយជាករណីមានអ្នកស្លាប់ដោយមេរោគកូវីដ ១៩ ដែលមានអាយុតិចជាងគេបង្អស់នៅក្នុងប្រទេសអង់គ្លេសផងដែរ។
![]()
បើតាមគ្រួសាររបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានកើតមានអាការៈក្តៅខ្លួនខ្លាំង ពិបាកដកដង្ហើម និងសន្លប់ទៀតផង មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដែលវាជាដំណាក់កាលធ្ងន់ធ្ងរមួយ ហើយព្រោះតែហេតុនេះទើបខាងគ្រូពេទ្យមិនអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ យ៉ាងណាក្តី បើគិតនៅក្នុងតំបន់អឺរ៉ុបទាំងមូលវិញមានករណីជនរងគ្រោះវ័យក្មេងម្នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតដែរ គឺជាក្មេងស្រីជនជាតិប៊ែលហ្ស៊ីកម្នាក់ដែលមានអាយុទើបតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយវាក៏ជាករណីកម្របំផុតមួយនៅក្នុងតំបន់អឺរ៉ុបផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអង់គ្លេសមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ២៥ ១៥០ ករណី និងមានអ្នកស្លាប់ចំនួន ១ ៧៨៩ ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia