អន្តរជាតិ

គ្រូពេទ្យនៅរូហានម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកដែលព្យាយាមប្រាប់ពីសញ្ញានៃវីរុស កូវីដ-១៩ បានបាត់ខ្លួន

BY
autoadmin
April 1, 2020

វេជ្ជបណ្ឌិតនៅទីក្រុងវូហានម្នាក់ ដែលស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលបានប្រាប់ពីសញ្ញាដំបូងនៃការរីករាលដាលនៃវីរុស COVID-19 ពេលនេះបានបាត់ខ្លួន ដែលវាបង្កឱ្យមានការព្រួយបារម្ភថា គាត់ត្រូវបានគេចាប់ឃុំឃាំង។ វេជ្ជបណ្ឌិតអ្នកស្រី Ai Fen មុនពេលដែលមានការបាត់ខ្លួននេះ គាត់ធ្លាប់ជាមនុស្សម្នាក់ដែលបានចែកចាយរូបភាពអ្នកជំងឺ ដែលដូចនឹងជំងឺសារ ប៉ុន្តែកាលនោះគាត់ត្រូវបានខាងមន្ទីរពេទ្យវូហានកណ្ដាល ស្ដីបន្ទោសយ៉ាងចាស់ដៃ។

ប៉ុន្តែយ៉ាងណាកាលនោះរូបភាពនោះបានផ្សព្វផ្សាយទៅយ៉ាងទូលំទូលាយ ហើយវាក៏បានឃើញដល់ វេជ្ជ. Li Wenliang ដែលក្រោយមកទៀតលោក Li ក៏បានព្រមានពីលទ្ធភាព ដែលវីរុសនឹងរីករាលដាលនៅពេលអនាគត។ ប៉ុន្តែពេលនោះលោកវេជ្ជបណ្ឌិត Li ត្រូវបានអាជ្ញាធរចិនស្ដីបន្ទោស និងបានចោទថាគាត់ផ្សាយព័ត៌មានមិនពិត។ លុះក្រោយមកទៀតលោកវេជ្ជបណ្ឌិត Li Wenliang ក៏ជាជនរងគ្រោះម្នាក់ ដែលបានស្លាប់ដោយសារវីរុស COVID-19 ផងដែរ។

ចំពោះការបាត់ខ្លួនរបស់វេជ្ជបណ្ឌិត Ai Fen វាបានកើតឡើងនៅពេលដែលកាលពី ២សប្ដាហ៍មុន អ្នកស្រីបាននិយាយរិះគន់ខាងគ្រប់គ្រងមន្ទីរពេទ្យថា មិនជឿពីសញ្ញាដំបូងដែលអ្នកស្រីបានព្យាយាមប្រាប់ ទៅឱ្យទស្សនាវដ្ដីក្នុងស្រុកមួយ។ ចាប់តាំងពីពេលនោះមក អ្នកស្រីមិនដែលបានបង្ហាញខ្លួនទៀតទេ នេះបើតាមការបង្ហោះរបស់ 60 Minutes Australia

វាក៏ស្របទៅនឹងការពិតដែលរដ្ឋាភិបាលចិន កំពុងត្រូវបានគេសង្ស័យថាលាក់បាំងការពិត។ ព្រោះដំបូងឡើយទីក្រុងប៉េកាំងបានព្យាយាមបិទបាំងការរាតត្បាត ដោយបានដាក់ទណ្ឌកម្មលើគ្រូពេទ្យដែលបានរកឃើញវីរុសនេះ ហើយបានបដិសេធថា វីរុសមិនអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតទេ និងពន្យារពេលការបិទទ្វារតំបន់ដែលរងផលប៉ះពាល់ ដែលមានន័យថាឱកាសដំបូងដើម្បីគ្រប់គ្រងការរីករាលដាលត្រូវបានបាត់បង់ទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Dailymail

Share This Post: