ប្រទេសចិនចាប់ផ្ដើមរាយការណ៍ពីករណីអ្នកឆ្លងវីរុស កូវីដ-១៩ ដែលគ្មានចេញរោគសញ្ញា
- BY
- autoadmin
- April 1, 2020
អាជ្ញាធរសុខាភិបាលចិនបានចាប់ផ្តើមរាយការណ៍អំពីករណីឆ្លងវីរុសថ្មី ដែលអ្នកជំងឺមិនមានរោគសញ្ញានៃការឆ្លងនោះទេ។ អាជ្ញាធរបាននិយាយនៅថ្ងៃពុធថា មានមនុស្ស ៣៦នាក់ បានធ្វើតេស្តវិជ្ជមាននៅថ្ងៃអង្គារ ដែលនាំឱ្យមានករណីសរុបនៅក្នុងប្រទេសឡើងដល់ ៨១,៥៥៤ករណី។ ពួកគេនិយាយថា មានតែករណីថ្មីមួយប៉ុណ្ណោះ ដែលជាករណីនាំចូល។ មនុស្ស ៧នាក់ បន្ថែមទៀត ត្រូវបានបញ្ជាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣,៣១២នាក់។
ទន្ទឹមនឹងនេះដែរអាជ្ញាធរបានសម្រេចចិត្តបញ្ចេញតួលេខប្រចាំថ្ងៃ សម្រាប់ករណីឆ្លងតែគ្មានរោគសញ្ញា (asymptomatic) ចាប់ពីថ្ងៃពុធនេះតទៅ។ ពួកគេបាននិយាយថា មានមនុស្សចំនួន ១,៣៦៧នាក់ ដែលឆ្លងដោយគ្មានរោគសញ្ញាកំពុងស្ថិតក្រោមការសង្កេត និង ១៣០នាក់ ក្នុងចំណោមពួកគេត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ។ ក្នុងចំណោមករណីទាំងនេះមាន ៩៨២នាក់ គឺនៅក្នុងទីក្រុងវូហាន និងកន្លែងផ្សេងៗទៀតនៅក្នុងខេត្តហ៊ូប៉ី។
គេមិនទាន់ដឹងថាមានករណីមិនចេញរោគសញ្ញាប៉ុន្មានហើយទេ ដែលត្រូវបានបញ្ជាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ។ ប៉ុន្តែកាសែតជាភាសាអង់គ្លេសប្រចាំថ្ងៃ South China Morning Post ដែលមានមូលដ្ឋាននៅហុងកុង បានរាយការណ៍ថា មានករណីបែបនេះច្រើនជាង ៤៣,០០០ករណី ត្រូវបានគេទទួលបាននៅចុងខែកុម្ភះ ដោយផ្អែកលើកំណត់ត្រារបស់រដ្ឋាភិបាលចិន៕
អត្ថបទ៖ លីដា
- Share This Post: