ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte រងការរិះគន់យ៉ាងខ្លាំង ដោយសារបាននិយាយថា បុគ្គលិកពេទ្យស្លាប់ដោយសារកូវីដ១៩ គឺមានសំណាងណាស់ ព្រោះស្លាប់ដើម្បីជាតិ
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានទទួលការរិះគន់ចំពោះការនិយាយរបស់គាត់ថា បុគ្គលិកពេទ្យដែលបាត់បង់អាយុជីវិតរបស់ពួកគេនៅក្នុងការព្យាបាលអ្នកឆ្លងវីរុស COVID-19 គឺមានសំណាងណាស់ ដែលបានស្លាប់សម្រាប់ប្រទេសរបស់ពួកគេ។ លោក ឌូទើតេ បានធ្វើអត្ថាធិប្បាយបែបនេះកាលពីល្ងាចថ្ងៃច័ន្ទ នៅក្នុងសុន្ទរកថាថតទុកមួយ ដើម្បីផ្សាយទៅជនរួមជាតិ ដែលត្រូវបានបិទទ្វារដោយសារតែការរាតត្បាតនៃវីរុសនេះ។

លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា៖«មានគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកជំនួយការដែលបានស្លាប់។ ពួកគេគឺជាអ្នកដែលបានស្លាប់ជួយដល់អ្នកដទៃ។ ពួកគេពិតជាមានសំណាងណាស់។ ពួកគេបានស្លាប់ដើម្បីប្រទេស។ នោះគួរតែជាមូលហេតុ ដែលយើងត្រូវស្លាប់»។
លោកបានបន្ថែមថា៖«វាជាកិត្តិយសមួយដែលបានស្លាប់សម្រាប់ប្រទេសរបស់អ្នក»។
ការធ្វើអត្ថាធិប្បាយរបស់លោកបានបង្កឱ្យមានការព្រួយបារម្ភថា ប្រធានាធិបតីរូបនេះកំពុងធ្វើអោយការស្លាប់របស់ក្រុមគ្រូពេទ្យ ដោយសារតែវីរុស COVID-19 ស្ដាប់មើលទៅអស្ចារ្យ។ គួរឱ្យដឹងដែរថា យ៉ាងហោចណាស់មានគ្រូពេទ្យហ្វីលីពីន ១២នាក់ បានទទួលមរណភាពដោយសារ COVID-19 គិតត្រឹមថ្ងៃអាទិត្យ ទី២៩ ខែមីនា នេះបើយោងតាមសមាគមពេទ្យហ្វីលីពីន។ គ្រូពេទ្យបានត្អូញត្អែរពីកង្វះខាតឧបករណ៍ការពារសម្រាប់អ្នកនៅជួរមុខ ខណៈប្រទេសទាំងមូលមានករណីសរុបកើនដល់ ២,៣១១នាក់ និងស្លាប់ ៩៦នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Dailymail