ម៉ាឡេស៊ីហាមមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរចេញពីផ្ទះលើសពី ១០ គីឡូម៉ែត្រឡើយ
ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពអាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការជាច្រើន ដូចជាសម្រេចបិទប្រទេស ហាមមិនឲ្យពលរដ្ឋចេញពីផ្ទះបើគ្មានការចាំបាច់ ហើយក្នុងករណីពលរដ្ឋត្រូវចេញក្រៅដើម្បីទិញចំណីអាហារក៏មិនត្រូវមានគ្នាច្រើនដែរគឺរថយន្តមួយត្រូវមានតែមនុស្សម្នាក់បើកប៉ុណ្ណោះ។ បន្ថែមពីលើវិធានការដូចបានរៀបរាប់ខាងលើ ពេលនេះអាជ្ញាធរម៉ាឡេស៊ីថែមទាំងកំណត់ចម្ងាយផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញពីផ្ទះទៀតផង ពោលគឺអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទៅទិញអាហារ ឬថ្នាំពេទ្យនៅកន្លែងណាដែលមានចម្ងាយមិនលើសពី ១០ គីឡូម៉ែត្រឡើយពីផ្ទះរបស់ពួកគេម្នាក់ៗ។

យ៉ាងណាក្តី ប្រជាពលរដ្ឋដែលត្រូវទៅធ្វើការងារនៅក្នុងវិស័យមួយចំនួនអាចនៅបន្តធ្វើដំណើរចេញពីផ្ទះទៅកន្លែងធ្វើការងារជាធម្មតាបានទោះឆ្ងាយយ៉ាងណាក៏ដោយ ដែលវិស័យទាំងនោះមានដូចជា៖
១-សេវាកម្មចំណីអាហារ
២-ទឹក
៣-ថាមពល
៤-អ៊ីនធឺណិត
៥-សន្តិសុខ
៦-គ្រប់គ្រងកាកសំណល់ ឬសម្អាតទីសាធារណៈ
៧-សេវាសុខាភិបាល និងថ្នាំពេទ្យ
៨-ធនាគារ និងហិរញ្ញវត្ថុ
៩-ទំនាក់ទំនង
១០-ពាណិជ្ជកម្មអេឡិចត្រូនិច
គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ២ ៩០៨ ករណី និងស្លាប់ចំនួន ៤៥ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz