ខំជួយហើយវាយពេទ្យទៀត! គ្រូពេទ្យចិនម្នាក់ត្រូវអ្នកជំងឺកូវីដ ១៩ វាយធ្វើបាប និងខាំថែមទៀត ដោយសារព្យាយាមឃាត់អ្នកជំងឺមិនឲ្យចេញពីមន្ទីរពេទ្យ
ចិន៖ អ្នកជំងឺកូវីដ ១៩ ជនជាតិនីហ្សេរីយ៉ាម្នាក់ប្រឈមនឹងការនិរទេសចេញពីប្រទេសចិន ក្រោយរូបគាត់បានវាយ និងខាំ អ្នកគ្រូពេទ្យម្នាក់ក្នុងអំឡុងពេល ដែលគាត់ត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីព្យាបាលជំងឺ។ បុរសនីហ្សេរីយ៉ារូបនេះមានឈ្មោះថា Okonkwonwoye Chika Patrick អាយុ ៤៧ ឆ្នាំ ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ហើយរូបគាត់ត្រូវបានគេយកទៅព្យាបាលនៅក្នុងមន្ទីពេទ្យក្នុងក្រុង Guangzhou ប្រទេសចិន។ យ៉ាងណាក្តី លោក Okonkwonwoye Chika Patrick ហាក់មិនចង់សម្រាកនៅក្នុងមន្ទីរពេទ្យឡើយ ហើយគាត់បានព្យាយាមដើរចេញពីមន្ទីរពេទ្យទាំងដែលខ្លួនគាត់កំពុងមានមេរោគកូវីដ ១៩។

ពេលគាត់ព្យាយាមដើរចេញពីមន្ទីរពេទ្យនោះ មានអ្នកគ្រូពេទ្យម្នាកបានទៅឃាត់គាត់ ហើយគាត់ក៏បានវាយអ្នកគ្រូពេទ្យនោះដួលទៅលើដី ហើយថែមទាំងខាំមុខអ្នកគ្រូពេទ្យនោះទៀតផង។ ភ្លាមៗក្រោយកើតហេតុប៉ូលិសបានឃាត់ខ្លួនបុរសនីហ្សេរីយ៉ារូបនេះ ហើយបច្ចុប្បន្នរូបគាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្រោមការឃ្លាំមើលរបស់ប៉ូលិស ខណៈប៉ូលិសចិននឹងផ្ដើមអនុវត្តច្បាប់ចំពោះឥរិយាបថខុសឆ្គងរបស់គាត់ក្រោយពេកគាត់ជាសះស្បើយពីមេរោគកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai