ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតអត់ដែលថា ប្រទេសដែលទទួលវ៉ាក់សាំង BCG មិនសូវមានអត្រាមរណៈ ឬឆ្លងក្នុងកម្រិតស្រាល ជាងប្រទេសដទៃដែលមិនប្រើវ៉ាក់សាំងនេះ?

    BY autoadmin April 3, 2020
    ពិតអត់ដែលថា ប្រទេសដែលទទួលវ៉ាក់សាំង BCG មិនសូវមានអត្រាមរណៈ ឬឆ្លងក្នុងកម្រិតស្រាល ជាងប្រទេសដទៃដែលមិនប្រើវ៉ាក់សាំងនេះ?

    អ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា វ៉ាក់សាំង Bacillus Calmette-Guerin (BCG) ដែលធ្លាប់បានផ្តល់ដល់កុមារឥណ្ឌារាប់លាននាក់ភ្លាមៗក្រោយពេលកើត ដើម្បីការពារប្រឆាំងនឹងជំងឺរបេង អាចជាអ្នកដើរតួសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់របស់វីរុស COVID-19 អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយជាតិស្តីពីការចាក់ថ្នាំបង្ការរោគកុមារ BCG ដែលបានរកឃើញនៅក្នុងការសិក្សាមួយរបស់វិទ្យាស្ថានបច្ចេកវិទ្យានៃទីក្រុងញូវយ៉ក (NYIT) ដែលបានបង្ហោះនៅក្នុង MedRXiv ខណៈពេលដែលដកស្រង់ឧទាហរណ៍ពីប្រទេសអ៉ីតាលី និងសហរដ្ឋអាមេរិក។

    ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោកបណ្ឌិត Gonzalo Otazu ជំនួយការសាស្រ្តាចារ្យជីវវិទ្យាសាស្ត្រនៅ NYIT បានកត់សម្គាល់ថា បណ្តាប្រទេសដែលគ្មានគោលនយោបាយនៃការចាក់វ៉ាក់សាំង BCG ដូចជាអ៉ីតាលី ហូឡង់ និងសហរដ្ឋអាមេរិក បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាង បើប្រៀបធៀបទៅនឹងប្រទេសទទួលគោលនយោបាយ BCG ។ ដូចដែលបានឃើញនៅអាមេរិកមានអ្នកឆ្លងច្រើនជាង ២៤០,០០០ករណី ខណៈមនុស្សស្លាប់ជាង ៦,០០០នាក់, ប្រទេសអ៉ីតាលី មានអ្នកឆ្លងច្រើនជាង ១១៥,០០០ករណី និងអ្នកស្លាប់ជាង ១៣,០០០នាក់។ ប្រទេសហូល្លង់បានរាយការណ៍ថា មានករណីជំងឺច្រើនជាង ១៤,០០០ និងមានអ្នកស្លាប់ជាង ១,៣០០នាក់។

    យោងតាមការស្រាវជ្រាវរបស់ NYIT ការរួមបញ្ចូលគ្នារវាងការកាត់បន្ថយអត្រាឆ្លងវីរុស និងមរណភាព អាចធ្វើឱ្យការចាក់វ៉ាក់សាំង BCG ក្លាយជាអ្នកដើរតួសំខាន់ (game-changer) នៅក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ។ វ៉ាក់សាំង BCG គឺជាផ្នែកមួយនៃកម្មវិធីចាក់ថ្នាំបង្ការជាសកលរបស់ប្រទេសឥណ្ឌា និងផ្តល់ដល់កុមាររាប់លាននាក់នៅពេលកើតភ្លាម ឬបន្ទាប់ពីនោះ។ វាជាវ៉ាក់សាំងប្រឆាំងនឹងជំងឺរបេង បង្កើតឡើងតាំងពីឆ្នាំ១៩៤៨ ដែលកន្លងមកអ្នកជំនាញតែងតែមានការខ្វែងគំនិតគ្នាចំពោះការប្រើវ៉ាក់សាំងនេះ។

    យ៉ាងណាអ្នកជំនាញឥណ្ឌាបាននិយាយថា ពួកគេមានសង្ឃឹម និងលើកទឹកចិត្តចំពោះរឿងនេះ ប៉ុន្តែវាលឿនពេកក្នុងការនិយាយឱ្យបានសុះសាយ។ វ៉ាក់សាំង BCG នេះក៏ធ្លាប់មានប្រសិទ្ធភាពជាមួយអ្នកឆ្លងជំងឺសារផងដែរ ដោយវាមិនមែនព្យាបាលអ្នកជំងឺទេ ប៉ុន្តែអ្នកជំងឺដែលមានវ៉ាក់សាំងនេះកាត់បន្ថយហានិភ័យនៃការឆ្លងធ្ងន់ធ្ងរ។ នេះបើតាមសម្ដីរបស់អ្នកស្រី Monica Gulati ព្រឹទ្ធបុរសជាន់ខ្ពស់មហាវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្រ្ត Lovely Professional University (LPU) នៃរដ្ឋ Punjab ។ ប៉ុន្តែយ៉ាងណាទាំងនេះជាជំហានដំបូងប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវនឹងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សាពីរបៀបដែលវ៉ាក់សាំងនេះបានចូលរួមចំណែកកាត់បន្ថយហានិភ័យខ្ពស់សម្រាប់អ្នកឆ្លង COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Economic Times

    Share This Post: