លោក ដូណាល់ ត្រាំ និយាយថា លោកនឹងមិនពាក់ម៉ាស់នោះទេ ទោះបីខុសគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ ក៏ដោយ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនពាក់ម៉ាស់ទេ ទោះបីមានការណែនាំវេជ្ជសាស្រ្តថ្មី ដែលណែនាំឱ្យជនជាតិអាមេរិកធ្វើដូច្នោះក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ គាត់បាននិយាយថា គាត់មិនអាចមើលឃើញខ្លួនគាត់ស្វាគមន៍ចំពោះ “ប្រធានាធិបតី នាយករដ្ឋមន្រ្តី មនុស្សផ្តាច់ការ ស្តេច ព្រះមហាក្សត្រីយានិយ៍” នៅក្នុងការិយាល័យ Oval បានទេ ប្រសិនបើគាត់ពាក់ម៉ាស់។

លោកបានសង្កត់ធ្ងន់ថា ការណែនាំដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ គឺជាការ “ស្ម័គ្រចិត្ត” មិនបង្ខំនោះទេ។ ដោយលោកមានប្រសាសន៍ថា៖«អ្នកមិនចាំបាច់ពាក់វាទេ។ ហើយខ្ញុំមិនគិតថាខ្ញុំនឹងពាក់វាទេ។»
គោលការណ៍ណែនាំដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ដែលជាទីភ្នាក់ងារប្រឹក្សាសុខភាពសាធារណៈរបស់រដ្ឋាភិបាល បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានរាយការណ៍ថា ខ្លួនមានករណី COVID-19 ចំនួន ២៧០,៤៧៣ ករណីដែលបានបញ្ជាក់ ហើយមនុស្សជិត ៧,០០០នាក់បានស្លាប់។
ដើមឡើយអាជ្ញាធរសុខាភិបាលអាមេរិចធ្លាប់បាននិយាយថា មានតែអ្នកដែលឈឺ ឬអ្នកដែលមើលថែអ្នកជំងឺ ដែលមានផ្ទុកមេរោគនោះទេដែលត្រូវពាក់ម៉ាស់ ប៉ុន្តែការសិក្សាថ្មីបានបង្ហាញថា ការពាក់ម៉ាស់របស់មនុស្សម្នាក់ គឺសំខាន់ដើម្បីការពារការឆ្លងដោយចៃដន្យ។ លោក ត្រាំ ក៏បានយល់ពីបញ្ហានេះ និងបាននិយាយកាលពីថ្ងៃសុក្រថា៖ «ការសិក្សាថ្មីៗនេះយើងបានដឹងថា ការឆ្លងពីបុគ្គលដោយគ្មានរោគសញ្ញាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរីករាលដាលនៃវីរុសច្រើនជាងអ្វីដែលបានយល់ពីមុន»។ ប៉ុន្តែយ៉ាងណាក៏ដោយលោកនឹងមិនពាក់ម៉ាស់ដោយខ្លួនឯនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC