អន្តរជាតិ

អ្នកជំនាញចិនព្រមានថា ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ បើអាមេរិកមិនអាចទប់ស្កាត់មេរោគកូវីដ ១៩ បានទាន់ពេលវេលា

BY
autoadmin
April 7, 2020

ចិន៖ អ្នកជំនាញផ្នែកជំងឺកូវីដ ១៩ ចិនម្នាក់បានព្រមានថា ពិភពលោកទាំងមូលនឹងមានគ្រោះមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើអាមេរិកមិនអាចទប់ស្កាត់ការរីករាលដាលនៃមេរោគមរណៈមួយនេះបានទាន់ពេលវេលានោះទេ។ អ្នកជំនាញរូបនេះមានឈ្មោះថា Zhong Nanshan  ជាប្រធានទីប្រឹក្សាវេជ្ជសាស្រ្តប្រចាំទីក្រុងប៉េកាំង ហើយកន្លងមកគាត់បានផ្តល់គំនិតល្អៗជាច្រើនទៅកាន់អាជ្ញាធរសុខាភិបាលចិន ដើម្បីអនុវត្តក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ ។ ការព្រមានរ​បស់លោក Zhong Nanshan  ត្រូវបានធ្វើឡើងក្រោយការសង្កេតឃើញថា តួលេខអ្នកឆ្លងមេរោគនៅអាមេរិកបានកើតឡើងយ៉ាងគំហុក ខណៈអាមេរិកហាក់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគនៅឡើយទេ។ លោកបានបន្តទៀតថា អាមេរិកគឺជាស្នូលនៃសេដ្ឋកិច្ចពិភពលោកដ៏សំខាន់មួយ ហើយបើប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះត្រូវដួលរលំ ពិភពលោកទាំងមូលក៏ត្រូវជួបគ្រោះមហន្តរាយដូចគ្នាដែរ។

លោក Zhong Nanshan បានស្នើឲ្យអាមេរិកត្រូវដាក់ចេញនូវវិធានការដាច់ខាតជាច្រើន រួមទាំងការបិទក្រុង រដ្ឋ ឬប្រទេសទាំងមូលផងបើចាំបាច់ ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគឲ្យបានទាន់វេលា មុនពេលមេរោគសម្លាប់សេដ្ឋកិច្ចទាំងមូលរបស់អាមេរិក។ បន្ថែមពីការលើកឡើងនេះ អ្នកជំនាញចិនក៏បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកូរ៉េខាងត្បូង ដែលប្រទេសមួយនេះបានអនុវត្តវិធានការល្អៗជាច្រើនរហូតអាចទប់ស្កាត់ការរីករាលដាលនៃមេរោគបានទាន់ពេលវេលា។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ អាមេរិកដែលជាប្រទេសមានចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនជាងគេបង្អស់ក្នុងពិភពលោកនោះ មានចំនួនអ្នកឆ្លងមេរោគសរុបចំនួនជាង ៣៦៧,០០០ ករណី ស្លាប់ជាង ១០,០០០ករណី ហើយតួលេខដ៏ច្រើននេះបានកើនឡើងក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ៕

អត្ថ​បទ៖ ភក្តី

ប្រភព៖ dailymail

 

Share This Post: