មួយគ្រួសារទាំងឪពុក ទាំងម្តាយ និងកូន ១១ នាក់ទៀតឆ្លងមេរោគកូវីដ ១៩ ទាំងអស់គ្នា
អេស្ប៉ាញ៖ សារព័ត៌មាន dailymail បានចុះផ្សាយពីករណីកម្រមួយនៃជនរងដោយជំងឺកូវីដ ១៩ គឺមានគ្រួសារមួយ ទាំងឪពុកម្តាយ និងកូនរហូតដល់ ១១ នាក់ ត្រូវបានឆ្លងវីរុសនេះទាំងអស់ ហើយបច្ចុប្បន្នគ្រួសារមួយនេះត្រូវបានអាជ្ញាធរសុខាភិបាលសម្រេចដាក់ឲ្យនៅដាច់ដោយឡែកជុំគ្នាមួយគ្រួសារនេះតែម្តង។ ករណីនេះបានកើតឡើងចំពោះគ្រួសារដ៏ធំមួយ ដែលកំពុងរស់នៅក្នុងក្រុង Valladolid ប្រទេសអេស្ប៉ាញ។ ប្រភពព័ត៌មានបានបញ្ជាក់ផងដែរថា ស្ត្រីជាម្តាយឈ្មោះ Irene Gervas គឺជាសមាជិកគ្រួសារដំបូងគេ ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។

លោក Jose Maria Cebrian ដែលជាឪពុកនិងមេគ្រួសារមួយនេះបានឲ្យដឹងថា កូនៗទាំង ១១ នាក់របស់គាត់មានអាយុពី ១ ដល់ ១៥ ឆ្នាំ (កូនខ្លះជាកូនភ្លោះ) ហើយពួកគេបានឆ្លងមេរោគជាបន្តបន្ទាប់គ្នា ដោយបង្ហាញអាការៈនៅថ្ងៃដំបូងមានដូចជាឈឺក្បាល និងក្អួតចង្អោរជាដើម។ វាគឺជារឿងគួរឲ្យសោកស្តាយបំផុតមួយ ដែលគ្រួសារទាំងមូលសុទ្ធតែបានឆ្លងមេរោគជាបន្តបន្ទាប់គ្នាដូចនេះ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែកទាំងគ្រួសារតែម្តង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ អេស៉្បាញមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង ១៣០,០០០នាក់ និងស្លាប់ជាង ១២,០០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail