អន្តរជាតិ

កូនភ្លោះ២នាក់ត្រូវឪពុកម្តាយដាក់ឈ្មោះ “កូរ៉ូណា”និង“កូវីដ” ព្រោះពួកគេបានចាប់កំណើតក្នុងស្ថានភាពដ៏លំបាកបំផុតការរាតត្បាតមេរោគកូវីដ ១៩

BY
autoadmin
April 4, 2020

ឥណ្ឌា៖ កូនភ្លោះស្រីប្រុសមួយគូ ដែលបានចាប់កំណើតក្នុងស្ថានភាពដ៏លំបាកបំផុតមួយនៃការរាតត្បាតមេរោគកូវីដ ១៩ ត្រូវបានឪពុកម្តាយសម្រេចដាក់ឈ្មោះកូនប្រុសថា “កូរ៉ូណា” និងកូនស្រីម្នាក់ទៀតដាក់ឈ្មោះថា “កូវីដ” ដែលជាឈ្មោះដើម និងឈ្មោះផ្លូវការរបស់មេរោគតែម្តង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail។ កូនភ្លោះទាំង ២នាក់នេះ បានចាប់កំណើតនៅក្នុងមន្ទីរពេទ្យ Ambedkar Memorial ក្នុងក្រុង Raipur ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៧ កន្លងទៅនេះ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាល់នៃមេរោគកូវីដ ១៩។

លោក Preeti ដែលជាឪពុក និងអ្នកស្រី Vinay Verma ដែលជាម្តាយរបស់កូនភ្លោះទាំង ២នេះបានប្រាប់ឲ្យដឹងថា កូនរបស់ពួកគេគាត់បានកើតក្នុងស្ថានភាពលំបាកបំផុតមួយ ព្រោះប្រទេសទាំងមូលកំពុងស្ថិតក្នុងភាពអាសន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងចលាចលពេញសង្គម ខាងមន្ទីរពេទ្យកំពុងផ្តោតការយកចិត្តដាក់ចំពោះមេរោគឆ្លង ហើយជាកូនភ្លោះដែលពិបាកសម្រាលទៀតនោះ ស្រាប់កូនរបស់ពួកគាត់បានជំនះរាល់បញ្ហារហូតត្រូវបានសម្រាលចេញមកដោយមានសុខភាពល្អជាធម្មតា។

ដោយផ្អែកលើហេតុផលលំបាកទាំងនេះហើយ ទើបពួកគេគាត់សម្រេចដាក់ឈ្មោះកូនដូចខាងលើនេះតែម្តង ដើម្បីទុកជាការចងចាំមួយថា កូនទាំង ២ បានយកឈ្នះការលំបាកជាច្រើនក្នុងជំនាន់មេរោគកូវីដ ១៩ កំពុងគំរាមគំហែងប្រទេសឥណ្ឌា ទើបអាចកើតមកជាមនុស្សដូចគេដូចឯងបាន។ សូមរម្លឹកជូនថា ឥណ្ឌាបានសម្រេចបិទប្រទេសទាំងមូលរយៈពេល ២១ ថ្ងៃ​ ដោយផ្ដើមអនុវត្តពីថ្ងៃទី ២៤ ខែមីនា ខណៈពេលនេះឥណ្ឌាបានរកឃើញអ្នកឆ្លងមេរោគកូវីដក្នុងទឹកដីខ្លួនចំនួន  ២ ៥៦៧ ករណី និងស្លាប់ ៧២ ករណី៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: