ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនរថយន្ត Lamborghini ប្តូរមកផលិតម៉ាស់ និងរបាំងការពារមុខ សម្រាប់ពេទ្យជួរមុខ ដើម្បីចូលរួមប្រឆាំងនឹងវីរុសកូវីដ១៩

    BY autoadmin April 6, 2020
    ក្រុមហ៊ុនរថយន្ត Lamborghini ប្តូរមកផលិតម៉ាស់ និងរបាំងការពារមុខ សម្រាប់ពេទ្យជួរមុខ ដើម្បីចូលរួមប្រឆាំងនឹងវីរុសកូវីដ១៩

    ក្រុមហ៊ុនរថយន្ត Lamborghini កំពុងធ្វើការផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មរបស់ខ្លួននៅ Sant’Agata Bolognese ដើម្បីមកផលិតម៉ាស់ និងខែលការពារវេជ្ជសាស្ត្រ។ ក្រុមហ៊ុននឹងផលិតសម្ភារៈទាំងនេះសម្រាប់មន្ទីរពេទ្យ Sant’Orsola-Malpighi នៅទីក្រុង Bologna ដោយមានការសហការជាមួយសាកលវិទ្យាល័យ Bologna ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។ វានឹងផលិតម៉ាស់ចំនួន ១,០០០ និង ខែលការពារចំនួន ២០០ រៀងរាល់ថ្ងៃ ដោយមាននាយកដ្ឋានពេទ្យ និងវិទ្យាសាស្ត្រវះកាត់ ធ្វើរការត្រួតពិនិត្យយ៉ាងត្រឹមត្រូវលើឧបករណ៍វេជ្ជសាស្រ្តទាំងនោះ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។

    លោក Stefano Domenicali ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Lamborghini បានអត្ថាធិប្បាយថា៖«ក្នុងពេលមានអាសន្នដូចនេះ យើងមានអារម្មណ៍ថាត្រូវតែចូលរួមជាចំណែកយ៉ាងជាក់លាក់មួយ។ ដូច្នេះយើងបានសម្រេចចិត្តគាំទ្រមន្ទីរពេទ្យ Sant’Orsola-Malpighi ដែលជាស្ថាប័ន ដែលយើងមានទំនាក់ទំនងសហការគ្នាអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការពិគ្រោះយោបល់ជំនាញក្នុងការលើកកម្ពស់កម្មវិធីដើម្បីការពារសុខភាពកម្មករ និងគម្រោងស្រាវជ្រាវ។ យើងនឹងឈ្នះការប្រយុទ្ធនេះដោយធ្វើការរួមគ្នា គាំទ្រដល់អ្នកជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះជារៀងរាល់ថ្ងៃ»។

    នេះជាសញ្ញានៃការរួបរួម និងការគាំទ្រសម្រាប់ប្រជាជាតិទាំងមូល ដែលកំពុងប្រឈមមុខនឹងភាពអាសន្នដោយសារវីរុស COVID-19 ហើយរាល់ល្ងាច Lamborghini បំភ្លឺអគារទីស្នាក់ការកណ្តាលជាប្រវត្តិសាស្ត្ររបស់ខ្លួននៅ Sant’Agata Bolognese ជារូបទង់ជាតិអ៉ីតាលី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Lamborghini

    Share This Post: