អន្តរជាតិ

បុរសម្នាក់ត្រូវប៉ូលីសហ្វីលីពីនបាញ់ចោល បន្ទាប់ពីរឹងរូសមិនព្រមធ្វើតាមច្បាប់នៅដោយឡែក

BY
autoadmin
April 7, 2020

ហ្វីលីពីន៖ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅហ្វីលីពីន បន្ទាប់ពីគាត់បដិសេធមិនព្រមអនុវត្តតាមការរឹតត្បិតរបស់ប្រទេសនេះប្រឆាំងនឹងវីរុស COVID-19 ។ សារព័ត៌មាន Aljazeera បានរាយការណ៍ថា បុរសនោះអាយុ ៦៣ឆ្នាំ គាត់ថែមទាំងបានគំរាមមន្រ្តីភូមិ និងប៉ូលីសជាមួយនឹងកណ្ដៀវដែលកាន់នឹងដៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យវីរុសទៀតផង។

សេចក្តីរាយការណ៍បាននិយាយថា បុរសនោះទំនងជាបានស្រវឹងនៅពេលដែលគាត់បានគំរាមមន្រ្តីភូមិ និងប៉ូលីសដែលឈរជើងនៅចំណុចត្រួតពិនិត្យនៅទីប្រជុំជន Nasipit ក្នុងខេត្ត Agusan del Norte ភាគខាងត្បូង។ នេះជាករណីដំបូងបង្អស់ដែលប៉ូលីសបាញ់សម្លាប់ជនស៊ីវិល ពីបទរំលោភច្បាប់ស្តីពីការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសនេះ។

ការបាញ់នេះក៏ស្របតាមប្រសាសន៍របស់លោកប្រធានាធិបតី Rodrigo Duterte នាពេលថ្មីៗនេះ ដែលគាត់តម្រូវឱ្យមន្ត្រីសន្តិសុខអាចបាញ់អ្នកដែលរឹងរូស និងបង្កហានិភ័យដល់ការងារមន្ត្រីបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: