អន្តរជាតិ

ជប៉ុនសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្នជាផ្លូវការ ក្រោយតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ កើនឡើងខ្លាំង

BY
autoadmin
April 7, 2020

ជប៉ុន៖ ទីបំផុតទៅរដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពមានអាសន្នជាផ្លូវការហើយកាលពីព្រឹកមិញនេះ ក្រោយតួលេខអ្នកឆ្លងមេរោគកូវីដ ១៩ នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ការសម្រេចមួយនេះត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីល្ងាចមិ្សលមិញនេះ ហើយវិធានការនេះនឹងអនុវត្តក្នុងរយៈពេល ១ ខែពេញតែម្តង។ បើតាមសារព័ត៌មាន Channelnewsasia បានរាយការណ៍ថា ការសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះគឺមិនមែនអនុវត្តទូទាំងប្រទេសនោះទេ ពោលគឺអនុវត្តចំពោះទីក្រុងតូក្យូ និងតំបន់សំខាន់ៗមួយចំនួនទៀតនៅជុំវិញក្រុងតូក្យូ និងតំបន់ដែលមានការរាតត្បាតមេរោគខ្លាំង។

សូមបញ្ជាក់ថា ការសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះមានន័យថា ពលរដ្ឋទាំងអស់ត្រូវតែនៅក្នុងផ្ទះ អាជីវកម្មទាំងអស់ត្រូវបិទទ្វា ហើយរដ្ឋាភិបាលនឹងមានសិទ្ធផ្តន្ទាទោសចំពោះអ្នកណាម្នាក់ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ដូចជាការដើរចេញពីផ្ទះដោយគ្មានការអនុញ្ញាតក៏ត្រូវប្រឈមនឹងការចាប់ខ្លួនផងដែរ។ សម្រាប់អ្នកសេដ្ឋកិច្ចវិញបានមើលឃើញថា វិធានការខាងលើនេះនឹងធ្វើប៉ះពាល់់ដល់សេដ្ឋកិច្ចជាតិជប៉ុនប្រមាណជា ១ ទ្រីលានដុល្លារអាមេរិកផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះជប៉ុនមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៣ ៩០៦ ករណី និងស្លាប់ ៩៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia

Share This Post: