ប្រទេសចិនបើកទ្វារទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឡើងនៃវីរុសកូវីដ១៩ ដំបូងគេបង្អស់វិញហើយ
អាជ្ញាធរចិនបានដកចេញនូវការបិទទ្វារលើទីក្រុងវូហាន ដែលជាកន្លែងដែលមានករណីឆ្លងវីរុស COVID-19 ដំបូងគេបំផុត។ រំលឹកដែរថារដ្ឋាភិបាលចិន បានបញ្ឈប់រាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងបានបិទស្ថានីយ៍រថភ្លើង និងអាកាសយានដ្ឋាន ក្នុងទីក្រុងវូហាន កាលពីថ្ងៃទី២៣ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ ប៉ុន្តែពេលនេះសេវាផ្លូវដែក និងផ្លូវអាកាស ភ្ជាប់ពីរដ្ឋធានីហ៊ូប៉ីជាមួយទីតាំងផ្សេងទៀតបានចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីផ្អាកអស់រយៈពេល ២ខែកន្លះ។

អំឡុងពេលនៃការឆ្លងដំបូងមានករណីជិត ២,០០០ករណី ត្រូវបានគេរកឃើញនៅក្នុងទីក្រុងក្នុងមួយថ្ងៃ ដែលវាបានសន្ធប់លើសេវាសុខាភិបាលរបស់ទីក្រុង។ មន្ត្រីចិននិយាយថា ការបិទទ្វារបានជួយធ្វើឱ្យស្ថានភាពប្រសើរឡើង ហើយគ្មានករណីថ្មីណាមួយត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហាននោះទេ ចាប់តាំងថ្ងៃទី១៨ ខែមីនា។ ហើយការដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏បានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅចុងខែមីនា។ ប៉ុន្តែយ៉ាងណាអ្នកស្រុកត្រូវបានគេប្រាប់មិនឱ្យចេញទៅក្រៅ លើកលែងតែធ្វើដំណើរទៅធ្វើការ។
ក្រុមមន្រ្តីនិយាយថា មនុស្សជាង ៥០,០០០នាក់ បានឆ្លង និង ២,៥៧១នាក់ បានស្លាប់នៅទីក្រុងវូហាន គិតត្រឹមថ្ងៃអង្គារ។ ប៉ុន្តែអ្នកខ្លះអះអាងថា តួលេខជាក់ស្តែងអាចខ្ពស់ជាងនេះ ព្រោះតួលេខផ្លូវការមិនរាប់បញ្ចូលអ្នកដែលឆ្លងរោគ ដែលមិនមានរោគសញ្ញាអ្វីនោះទេ ហើយអ្នកខ្លះអាចស្លាប់មុនពេលពួកគេធ្វើរោគវិនិច្ឆ័យ។ ម៉្យាងទៀតអ្នកស្រុកខ្លះនៃទីក្រុងវូហានកំពុងសម្តែងការព្រួយបារម្ភថា វាប្រហែលជាឆាប់ពេកក្នុងការបើកទ្វារទីក្រុងវិញ ព្រោះថាពួកគេអាចប្រឈមនឹងការផ្ទុះរាលដាលម្ដងទៀត៕







អត្ថបទ៖ លីដា
ប្រភព៖ NHK