តាំងពីមានបំរាមគោចរមក ប្រទេសថៃចាប់បានអ្នកល្មើសបំរាមច្រើនជាង ៦០០នាក់
ថៃបានដាក់អាសន្នជាតិនៅថ្ងៃទី២៦ ខែមីនា ហើយបម្រាមគោចរជាលទ្ធផល មិនមែនជារឿងលេងសើចទៀតឡើយ ដោយអ្នករំលោភបំពានបំរាមនេះកំពុងត្រូវបានផ្តន្ទាទោសតាមច្បាប់។ គិតមកទល់ពេលនេះមានមនុស្សជាង ៦០០នាក់ ត្រូវបានចាប់ខ្លួនពីបទប្រឆាំងនឹងក្រឹត្យគ្រាអាសន្ន ដែលរដ្ឋបានដាក់ឡើងដើម្បីទប់ទល់ការរីករាលដាលនៃវីរុស COVID-19 ។ ពោលគឺមានមនុស្ស ៦២៣នាក់ហើយ ដែលត្រូវបានគេកាត់ទោសពីបទបំពានអនុក្រឹត្យ។

ក្នុងចំណោមវិធានការនៃក្រឹត្យនេះ គឺការហាមឃាត់ការជួបជុំ ដែលបណ្តាលឱ្យមានការរំខានដល់សាធារណជន។ អ្នកបំពានត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់ ៤០,០០០បាត (១,២០០ដុល្លារ)។ នាពេលថ្មីៗនេះតុលាការនៅអយុធ្យា ក៏បានផ្តន្ទាទោសក្រុមអ្នកបំពានឱ្យជាប់ពន្ធនាគារពី ២ ទៅ ៤ខែ ពីបទប្រមូលផ្តុំខុសច្បាប់ ខណៈពេលដែលតុលាការនៅ Pathum Thani បានកាត់ទោសអ្នកល្មើសម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១៥ថ្ងៃ។
ជនល្មើសភាគច្រើនបានប្រឆាំងនឹងបម្រាមគោចរ ដែលហាមមិនឱ្យប្រជាជនចាកចេញពីផ្ទះក្នុងកំឡុងម៉ោងសម្រាប់បម្រាមគោចរ ហើយភាគច្រើនមានអាយុ ២០-៣៥ ឆ្នាំ។ ពោលគឺខេត្តក្រុងដែលបានកត់ត្រាការឆ្លងវីរុសច្រើន ក៏ជាខេត្តក្រុងដែលមានករណីប្រឆាំងនឹងក្រឹត្យគ្រាអាសន្ននេះច្រើនផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Thethaiger