គួរឲ្យគោរព! បវរកញ្ញាដ៏ល្បីល្បាញម្នាក់សុខចិត្តបោះបង់មកុដជ័យលាភីខ្លួនចោល ដើម្បីទៅធ្វើជាគ្រូពេទ្យជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩
អង់គ្លេស៖ បវកញ្ញាដ៏ល្បីល្បាញរបស់អង់គ្លេសម្នាក់សុខចិត្តបោះបង់មកុដជ័យភីរបស់ខ្លួនចោល ហើយត្រលប់ទៅធ្វើជាគ្រូពេទ្យវិញដើម្បីមានឱកាសជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ដែលកំពុងឆ្លង និងស្លាប់ជាបន្តបន្ទាប់គ្នា។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា បវរកញ្ញាដែលមានមនសិការខ្ពស់រូបនេះមានឈ្មោះថា Bhasha Mukherjee ជាកូនកាត់អង់គ្លេស-ឥណ្ឌា ហើយនាងបានប្រលងជាប់ជ័យលាភីជាបវរកញ្ញាឯកក្នុងកម្មវិធី Miss England 2019 ។ យ៉ាងណាក្តី មុនពេលប្រលងជាប់ជាបវរកញ្ញា នាង Bhasha Mukherjee ក៏ធ្លាប់មានការងារជាវេជ្ជបណ្ឌិតវ័យក្មេងមួយរូបផងដែរ។ ក្រោយប្រលងជាប់ជាបវរកញ្ញានាង Bhasha Mukherjee ត្រូវបានគេអញ្ជើញឲ្យធ្វើជាឯកអគ្គរដ្ឋទូតនៃអង្គការសប្បុរសធម៌ធំៗជាច្រើន ដែលកុងត្រាការងាររបស់នាងនឹងត្រូវបញ្ចប់នៅក្នុងខែសីហាខាងមុននេះ។

ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃអង្គការសប្បុរសធម៌ នាង Bhasha Mukherjee ត្រូវធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដូចជាអាហ្វ្រិក តួគី ឥណ្ឌា បាគីស្ថាន និងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីផងដែរ។ យ៉ាងណាក្តី ក្រោយមេរោគកូវីដ ១៩ កាន់តែរាតត្បាតខ្លាំងឡើងៗនៅក្នុងប្រទេសអង់គ្លេស និងខណៈពេលដែលជនរងគ្រោះជាច្រើនកំពុងតែត្រូវការគ្រូពេទ្យជាចាំបាច់ដើម្បីសង្គ្រោះជីវិតពួកនោះ នាង Bhasha Mukherjee ក៏សម្រេចចិត្តបោះបង់ការងាររបស់ខ្លួននៅក្រៅប្រទេស ដែលការបោះបង់នេះមានន័យស្មើនឹងបោះបង់តំណែងជាបវកញ្ញារបស់នាង ហើយត្រលប់ទៅធ្វើជាវេជ្ជបណ្ឌិតម្នាក់ក្នុងប្រទេសកំណើតនាងវិញ។ ការលះបង់មួយនេះត្រូវបានគេមើលឃើញថាគឺជាសណ្ដានចិត្តដ៏ធំធេងបំផុតមួយ ព្រោះក្នុងនាមជាបវរកញ្ញាមានការងារល្អធ្វើប្រាក់ខែច្រើន តែនាងបែរជាបោះបង់ចោលហើយយកពេលទៅជួយសង្គ្រោះអ្នកជំងឺទៅវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz