ប៉ូលីសថៃរឹបអូសបានឧបករណ៍តេស្ដ COVID-19 ក្លែងក្លាយ និងរបស់របរជាច្រើនទៀត ដែលមានតម្លៃជាង ១លានដុល្លារអាមេរិក
បុរសជនជាតិចិន ២នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ Chen Lei និង Wein Pinpin ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះមួយកន្លែង នៅក្នុងស្រុក Pra Khanong ទីក្រុងបាងកក បន្ទាប់ពីមន្រ្តីទទួលបានព័ត៌មានថា ជនទាំង២ បានលួចរត់ពន្ធចូលនូវឧបករណ៍តេស្ត COVID-19 ក្លែងក្លាយ។ ឧបករណ៍តេស្តក្លែងក្លាយចំនួន ៤៥,០០០សម្រាប់, ម៉ាស់វេជ្ជសាស្រ្តចំនួន ៣៥០,០០០ និងទែម៉ូម៉ែត្រអ៉ីននហ្វ្រារ៉េដចំនួន ១,២០០ត្រូវបានរឹបអូស។ វត្ថុភស្តុតាងមានតម្លៃរហូតដល់ទៅ ៣៣,៧៥០,០០០ បាត ឬ ១ លានដុល្លារអាមេរិក។

របស់ទាំងនេះត្រូវបានដាក់លក់ដោយគ្មានការអនុញ្ញាតក្នុងតម្លៃថ្លៃក្នុងតំបន់បាងកក និងសង្កាត់ក្បែរៗនោះ។ រដ្ឋបាលចំណីអាហារ និងឪសថ នឹងធ្វើការស៊ើបអង្កេតដើម្បីរកឱ្យឃើញថា តើឧបករណ៍តេស្តក្លែងក្លាយទាំងនេះផលិតនៅទីណា ហើយនរណាខ្លះទៀតពាក់ព័ន្ធនឹងការនាំចូលពួកវា។ គួរឱ្យដឹងដែរថា ការផ្តន្ទាទោសពីបទរត់ពន្ធគ្រឿងបរិក្ខារពេទ្យត្រូវជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត ឬទាំងពីរ។ យោងតាមរដ្ឋបាលចំណីអាហារនិងឪសថថៃបានឱ្យដឹងថា រាល់ផលិតផលដែលអះអាងថា ជាឧបករណ៍តេស្ដ COVID-19 នៅតាមអ៉ីនធឺណេតនាពេលនេះគឺសុទ្ធតែក្លែងក្លាយទាំងអស់៕


អត្ថបទ៖ លីដា
ប្រភព៖ Thaiger