សាកសពអ្នកស្លាប់ដោយសារកូវីដ១៩ នៅឥណ្ឌូនេស៊ី ភាគច្រើនត្រូវបានអ្នកភូមបដិសេធមិនឱ្យបញ្ចុះនោះទេ
ឥណ្ឌូនេស៊ី៖ សព្វថ្ងៃក្រុមគ្រួសារ មិត្ដភក្ដិ និងសាច់ញាតិ ដែលមានទុក្ខដោយសារមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានវីរុស COVID-19 ឆក់យកជីវិតទៅ មិនមែនត្រឹមតែត្រូវឈឺចាប់ដោយសារការបាត់បង់ប៉ុណ្ណោះទេ តែក៏ព្រោះតែអ្នកភូមិ ឬសូម្បីតែអ្នកជិតខាងរបស់ពួកគេ បានបដិសេធមិនឱ្យពួកគេបញ្ចុះសពអ្នកដែលបានស្លាប់ទៅនោះទេ។ ដែលនេះគឺជាការឈឺចាប់បំផុតចំពោះគ្រួសារ ដែលរងគ្រោះដោយសារវីរុសដ៏កាចសាហាវមួយនេះ។

ប្រជាជនទាំងនោះមានការភ័យខ្លាចជ្រុលពេកចំពោះការឆ្លងវីរុស ទោះបីជាមានការពន្យល់ម្តងហើយម្តងទៀតពីរដ្ឋាភិបាល និងអ្នកជំនាញសុខភាពក៏ដោយ។ ប៉ុន្តែតើអ្នកណាអាចស្តីបន្ទោសពួកគេបាន? ជាក់ស្ដែងដូចដែលយើងបានដឹងថា ឥណ្ឌូនេស៉ីក៏ស្ថិតនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលមានការរាត្បាតពីវីរុសខ្លាំងផងដែរ ហើយជារៀងរាល់ថ្ងៃវាមានសាកសពយ៉ាងហើចណាស់ពី ១០ ទៅ ១៥ ដែលត្រូវបានគេបញ្ជូនទៅបញ្ចុះ។
ជាការពិតការស្លាប់វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលនេះគ្រប់គ្នាគួរតែចេះជួយយកអាសារគ្នា ហើយវាសោកនាដកម្មមួយរបស់មនុស្ស នៅពេលដែលសាកសពដែលស្លាប់ទៅហើយ នៅតែមិនអាចរកកន្លែងបញ្ចុះបានជាធម្មតា។ គ្មាននរណាម្នាក់អាចមើលឃើញពីសេចក្ដីស្លាប់នោះទេ វាតែងតែមានគេមានយើង ដូច្នេះអ្វីដែលសំខាន់ពេលនេះគឺការយកអាសារក្នុងគ្រាមានទុក្ខ។ គួររំលឹកដែរថា ឥណ្ឌូនេស៉ីពេលនេះមានករណីឆ្លងវីរុសច្រើនជាង ៣,២០០នាក់ និងមានការស្លាប់ច្រើនជាង ២៨០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Jakarta Post