អន្តរជាតិ

ថៃត្រៀមបន្ទប់សណ្ឋាគារចំនួន ៣,៥០០ បន្ទប់ សម្រាប់អ្នកដែលត្រឡប់ចូលស្រុកវិញ បន្ទាប់ពីបំរាមហោះហើរត្រូវបានដកចេញ

BY
autoadmin
April 13, 2020

ប្រទេសថៃកំពុងទន្ទឹងរង់ចាំការដាក់ដោយឡែកខ្នាតធំមួយសម្រាប់អ្នកត្រឡប់ចូលស្រុកវិញ នៅពេលដែលការហាមឃាត់ការហោះហើរត្រូវបានដកចេញ ហើយរដ្ឋាភិបាលកំពុងរៀបចំបន្ទប់សណ្ឋាគារឯកជន ប្រមាណ ៣,៥០០ នៅទីក្រុងបាងកក និងផ្នែកមួយចំនួនរបស់ប្រទេស។ ការហាមឃាត់ដែលកំណត់ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃនឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នេះបើតាមការចុះផ្សាយរបស់ The Thaiger កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា។

ក្រៅពីដាក់ពួកគេឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ខាងមន្ទីរពេទ្យក៏នឹងត្រៀមរៀបចំរង់ចាំព្យាបាលអ្នកតេស្តវិជ្ជមានចំពោះវីរុស COVID-19 ផងដែរ។ ហើយក៏នឹងមានបុគ្គលិកពេទ្យ និងឆ្មាំឈរជើងនៅសណ្ឋាគារ ដើម្បីមើលថែអ្នកដែលនៅដាច់ដោយឡែកទាំងនោះដែរ។ រដ្ឋាភិបាលកំពុងទទូចដល់ជនដែលត្រឡប់មកប្រទេសវិញ ឱ្យរួមគ្នាអនុវត្តច្បាប់ដាក់ដោយឡែកចំនួន ១៤ថ្ងៃនេះ ហើយរដ្ឋក៏បានសុំគ្រួសាររបស់ពួកគេ កុំមានការបារម្ភពេកអី ព្រោះអ្នកទាំងនោះនឹងត្រូវបានមើលថែពីក្រុមមន្ត្រី។

បច្ចុប្បន្ននេះមានអ្នកត្រឡប់ចូលស្រុកប្រមាណ ៧៦៨នាក់ នៅឯប្រទេសថៃ ត្រូវបានគេឱ្យនៅដាច់ដោយឡែកនៅឯមូលដ្ឋានកងទ័ពជើងទឹក Sattahip, សាលាហោះហើរកងទ័ពអាកាសនៅខេត្ត Nakhon Pathom និងសណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: