នៅថៃ បើលាក់បាំងប្រវត្តិធ្វើដំណើរ ឬជំងឺ ដែលទាក់ទងនឹងកូវីដ១៩ អាចប្រឈមនឹងការជាប់គុក ៦ខែ ដោយសារកន្លងមកបុគ្គលិកពេទ្យនៅថៃប្រហែល ៨០នាក់ បានឆ្លងវីរុស COVID-19 ហើយភាគច្រើនគឺព្រោះតែអ្នកជំងឺបានលាក់ប្រវត្តិនេះឯង
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English បានឱ្យដឹងថា អ្នកជំងឺនៅមន្ទីរពេទ្យឯកជនណា ដែលលាក់ប្រវត្តិជំងឺ និងការធ្វើដំណើររបស់ខ្លួន ឬព័ត៌មានណាមួយដែលទាក់ទងនឹងវីរុស COVID-19 អាចប្រឈមនឹងជាប់ពន្ធនាគារ ៦ខែ និងការពិន័យជាទឹកប្រាក់រហូតដល់ ១០,០០០បាត ឬ ៣០០ដុល្លារអាមេរិក។

បទប្បញ្ញត្តិថ្មីដែលចេញដោយនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រកាលពីថ្ងៃសុក្រ ទី១០ ខែមេសា ប៉ុន្មានថ្ងៃមុននេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អ្នកជំងឺដែលលាក់បាំងប្រវត្តិ ដែលជាហេតុធ្វើឱ្យអ្នកជំនាញផ្នែកវេជ្ជសាស្ត្រប្រឈមនឹងហានិភ័យ។ ទន្ទឹមនឹងនេះដែរបុគ្គលិកពេទ្យនៅថៃប្រហែល ៨០នាក់ បានឆ្លងវីរុស COVID-19 ហើយភាគច្រើនគឺព្រោះតែអ្នកជំងឺបានលាក់ប្រវត្តិនេះឯង។
សេចក្តីប្រកាសនោះបានដកស្រង់តាមមាត្រា ១៣៧ នៃក្រមព្រហ្មទណ្ឌ ដែលការផ្តល់ព័ត៌មានមិនពិតដល់មន្រ្តីរដ្ឋគឺស្មើនឹងទោសឧក្រិដ្ឋ។ អ្នកបំពាននឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៦ខែ និងពិន័យជាប្រាក់រហូតដល់ ១០,០០០បាត ឬ៣០០ដុល្លារអាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ Khaosod English