ពលករបរទេសធ្វើការនៅសិង្ហបុរី ដែលបំពានផ្ទុយពីច្បាប់បិទទ្វារប្រទេស អាចនឹងលែងបានធ្វើការនៅទីនោះជារៀងរហូត
ពលករធ្វើការចំនួន ២៤នាក់ ត្រូវបានគេលុបច្បាប់អនុញ្ញាតការងារចេញ ហើយត្រូវបានហាមឃាត់ជារៀងរហូត មិនឱ្យធ្វើការនៅប្រទេសសិង្ហបុរីទៀតទេ ពីព្រោះពួកគេបានបំពានច្បាប់បិទទ្វារប្រទេស ដែលសិង្ហបុរីដាក់ឡើងដើម្បីទប់ទល់នឹងការរាលដាលនៃវីរុស COVID-19 ។ ពលករបរទេសទាំងនោះត្រូវបានគេរកឃើញថា បានផឹកស៉ី និងប្រមូលផ្ដុំគ្នាជាក្រុម នៅជិត Tuas View Square នៅតំបន់ភាគខាងលិចទីក្រុង។ ក្រសួងពលកម្ម (Ministry of Manpower) បានបង្កើនការចុះត្រួតពិនិត្យ ដើម្បីធានាបាននូវវិធានការណ៍នៅឆ្ងាយពីគ្នា ហើយជាលទ្ធផលពួកគេបានចាប់ក្រុមផឹកស៉ីនេះ។

ក្រសួងបាននិយាយថា៖«ការធ្វើអធិការកិច្ចបានបង្ហាញថា ផ្ទះជួលភាគច្រើនបានបង្កើតវិធានការណ៍នៅឆ្ងាយ និងការពិនិត្យសុខភាពសម្រាប់ប្រជាជនរបស់ពួកគេ។ អ្នករស់នៅក្នុងផ្ទះជួលក៏មិនមានបញ្ហាសុខុមាលភាព ឬបញ្ហាប្រាក់ខែដែរ។ ប៉ុន្តែទោះយ៉ាងណាថ្មីៗនេះមានករណីជាច្រើននៃ COVID-19 បានពាក់ព័ន្ធនឹងពលករបរទេស ហើយឥឡូវនេះវាមានហានិភ័យធ្ងន់ធ្ងរនៃការរីករាលដាលយ៉ាងខ្លាំង»។
ក្រសួងបានក្រើនរំលឹកដល់ក្រុមហ៊ុនដែលជួលកម្មករបរទេសថា៖ «យើងត្រូវការអ្នកឱ្យចូលរួមជាមួយបុគ្គលិករបស់អ្នក និងជួយពួកគេឱ្យយល់ថា ទាំងនេះគឺជាការកែសម្រួលដ៏សំខាន់ និងចាំបាច់ សម្រាប់សុខភាពនិងសុវត្ថិភាពរបស់ពួកគេ» ប៉ុន្តែពួកគេក៏ត្រូវដឹងអំពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេបំពានច្បាប់។ ប្រទេសសឹង្ហបូរីបានបញ្ជាក់ថា កម្មករដែលមិនសហការនឹងត្រូវពិន័យ និងប្រថុយនឹងការដកហូតការងារ ហើយត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យធ្វើការក្នុងរដ្ឋធានីនេះទៀតទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA