លោក ដូណាល់ ត្រាំ កំពុងឱ្យគេស៊ើបអង្កេតថា តើវីរុសកូវីដ១៩ ពិតជាចេញពីមន្ទីរពិសោធន៍វូហាន ឬយ៉ាងណា?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន USNews បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមកំណត់ថា តើវីរុស COVID-19 ចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន ប្រទេសចិន ឬយ៉ាងណា? ហើយរដ្ឋលេខាធិការលោក Mike Pompeo បាននិយាយថាទីក្រុងប៉េកាំង «ចាំបាច់ត្រូវតែសារភាព» នូវអ្វីដែលពួកគេដឹង។ ថ្វីបើប្រភពនៃវីរុសនៅតែជាអាថ៌កំបាំង ហើយមនុស្សភាគច្រើនគិតថាជាការកើតឡើងដោយធម្មជាតិ ប៉ុន្តែវានៅតែមិនប្រាកដនោះទេ។

សារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃពុធថា វីរុសនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ទីក្រុងវូហានមែន ប៉ុន្តែមិនមែនសម្រាប់អាវុធជីវសាស្ត្រទេ។ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការបង្ហាញថាការខិតខំរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណ និងប្រយុទ្ធប្រឆាំងនឹងវីរុសគឺស្មើនឹង ឬធំជាងសមត្ថភាពរបស់សហរដ្ឋអាមេរិក។ របាយការណ៍នេះ និងផ្សេងៗទៀតបាននិយាយថា មន្ទីរពិសោធន៍វូហាន ដែលជាមន្ទីរពិសោធន៍កម្រិតខ្ពស់និងមានសុវត្ថិភាពស្តង់ដារ បានធ្វេសប្រហែសជាមួយវីរុស ដែលនាំឱ្យមានអ្នកឆ្លង និងធ្វើឱ្យឆ្លងក្នុងផ្សារគ្រឿងសមុទ្រមួយនៅជិតនោះ។
នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានលោក ដូណាល់ ត្រាំ ត្រូវបានគេសួរអំពីរបាយការណ៍ដែលថាវីរុសបែកចេញពីមន្ទីរពិសោធន៍វូហាន ហើយគាត់បាននិយាយថាគាត់មិនចង់និយាយទេ។ លោកបានមានប្រសាសន៍ថា៖«យើងកំពុងធ្វើការពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពដ៏អាក្រក់នេះដែលបានកើតឡើង»។ លោកបន្ដថា៖ «ខ្ញុំមិនចង់ពិភាក្សាពីអ្វីដែលខ្ញុំបាននិយាយជាមួយគាត់ [Xi Jinping] អំពីបន្ទប់ពិសោធន៍នោះទេ។ ខ្ញុំមិនចង់ពិភាក្សាពីវាទេ វាមិនសមរម្យទេនៅពេលនេះ»។
រដ្ឋលេខាធិការលោក Mike Pompeo បាននិយាយថា អាមេរិកដឹងថាវីរុសនេះមានដើមកំណើតនៅវូហាន ហើយដឹងថាមន្ទីរពិសោធន៍ក៏នៅមិនឆ្ងាយពីផ្សារដែលមានការផ្ទុះនៃវីរុសដែរ។ គាត់និយាយថា ពួកគេត្រូវការឱ្យចិននិយាយដោយចំហរ ពីរបៀបដែលវីរុសនោះបែកចេញបាន ហើយចាំបាច់ត្រូវតែសារភាព។ លោកក៏បានបញ្ជាក់ដែរថា អាមេរិកមានតួលេខច្រើនព្រោះអាមេរិកបានរាយការណ៍ពីវីរុស។ លោកក៏បានបង្ហាញពីការមិនជឿទុកពីការរាយការណ៍របស់ចិន ដោយនិយាយថា៖«តើអ្នកពិតជាជឿចំនួននេះ នៅក្នុងប្រទេសដ៏ធំនេះ ដែលហៅថាប្រទេសចិន ហើយពួកគេមានចំនួនករណី និងចំនួនអ្នកប៉ុណ្ណឹង; តើពិតជាមានអ្នកណាជឿ?»៕




អត្ថបទ៖ លីដា
ប្រភព៖ US News & World Report