មូលនិធិ Bill Gates នឹងបន្ថែមជំនួយ ១៥០លានដុល្លារ សម្រាប់ទប់ទល់នឹងវីរុស កូវីដ-១៩ បន្ទាប់ពីបានបន្ទោសលោក ដូណាល់ ត្រាំ រឿងដែលគាត់ដកជំនួយពី WHO
មូលនិធិ Bill & Melinda Gates បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ថវិកាបន្ថែមចំនួន ១៥០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបចំពោះការឆ្លងរាតត្បាតនៃវីរុស COVID-19 ដែលនាំឱ្យជំនួយសរុបរបស់មូលនិធិកើនដល់ ២៥០លានដុល្លារ។ ជំនួយនេះនឹងត្រូវបានដាក់សម្រាប់ការអភិវឌ្ឍការព្យាបាល និងវ៉ាក់សាំង COVID-19 ក៏ដូចជាជួយដៃគូរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ីខាងត្បូង ពង្រីកការតេស្ដ ការព្យាបាល និងការដាក់ដាច់ដោយឡែក។

ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Bill Gates បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់អង្គការសុខភាពពិភពលោក។ នៅល្ងាចថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ឈប់ការផ្តល់ថវិកាចំនួន ៤០០លាន ទៅ ៥០០ លានដុល្លារអាមេរិក ដល់ WHO ដោយរង់ចាំការស៊ើបអង្កេតលើអ្វីដែលលោកបានឃើញថា WHO បានជួយបិទបាំងឱ្យប្រទេសចិនរឿងវីរុស COVID-19 នេះ៕

Halting funding for the World Health Organization during a world health crisis is as dangerous as it sounds. Their work is slowing the spread of COVID-19 and if that work is stopped no other organization can replace them. The world needs @WHO now more than ever.
— Bill Gates (@BillGates) April 15, 2020
អត្ថបទ៖ លីដា
ប្រភព៖ Businessinsider