ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចក្រភពអង់គ្លេសបន្ថែមពេលវេលាបិទទ្វារ ៣សប្ដាហ៍ទៀត ខណៈមានអ្នកឆ្លងកូវីដ១៩សរុបច្រើនជាង ១០០,០០០ករណី និងស្លាប់ច្រើនជាង ១៣,០០០នាក់

    BY autoadmin April 17, 2020
    ចក្រភពអង់គ្លេសបន្ថែមពេលវេលាបិទទ្វារ ៣សប្ដាហ៍ទៀត ខណៈមានអ្នកឆ្លងកូវីដ១៩សរុបច្រើនជាង ១០០,០០០ករណី និងស្លាប់ច្រើនជាង ១៣,០០០នាក់

    រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វិធានការណ៍នៃការបិទទ្វារនឹងបន្តមានយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ដើម្បីប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19 ។ នេះបើតាមការចុះផ្សាយរបស់ NHK ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ លោក Raab កំពុងធ្វើជាតំណាងឱ្យលោក Boris Johnson ខណៈលោកនាយករដ្ឋមន្ដ្រីកំពុងព្យាបាលវីរុស COVID-19 នេះ។

    លោក Dominic Raab បាននិយាយថា ការរឹតត្បិតនេះកំពុងដំណើរការ ប៉ុន្តែបានព្រមានថា វានៅតែលឿនពេកបើសម្រាលការរឹតត្បឹតពេលនេះ។ លោកបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា៖«ប្រសិនបើយើងប្រញាប់បន្ធូរបន្ថយវិធានការដែលយើងមាន យើងនឹងប្រថុយនឹងការខ្ជះខ្ជាយរាល់ការលះបង់ និងការរីកចម្រើនទាំងអស់ដែលបានធ្វើ»។

    រំលឹកដែរថា រដ្ឋាភិបាលបានដាក់ការរឹតត្បឹតយ៉ាងតឹងរឹង ចាប់តាំងពីថ្ងៃទី២៣ ខែមីនា។ ក្នុងនោះរួមមាន ការតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ ហើយអ្នកបំពានអាចត្រូវបានពិន័យ។ ចំនួនសរុបនៃការឆ្លងនៅអង់គ្លេសឥឡូវនេះមានច្រើនជាង ១០០,០០០នាក់។ ចំនួនអ្នកស្លាប់បានកើនឡើងជាង ៨០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យចំនួនស្លាប់សរុបមានរហូតដល់ ១៣,៧២៩នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: