ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងបន្ធូរបន្ថយវិធានការបិទប្រទេសឲ្យធូរស្រាលបន្តិច ក្រោយស្ថានភាពមេរោគកូវីដ ១៩ ហាក់ឡើងដល់ចំណុចកំពូល និងលែងឈានទៅរកចំណុចអាក្រក់ជាងនេះទៀត

    BY autoadmin April 18, 2020
    អាមេរិកនឹងបន្ធូរបន្ថយវិធានការបិទប្រទេសឲ្យធូរស្រាលបន្តិច ក្រោយស្ថានភាពមេរោគកូវីដ ១៩ ហាក់ឡើងដល់ចំណុចកំពូល និងលែងឈានទៅរកចំណុចអាក្រក់ជាងនេះទៀត

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលអាមេរិកនឹងបន្ធូរបន្ថយការវិធានការបិទខ្ទប់ ឬដាក់ប្រទេសក្នុងគ្រាមានអាសន្នឲ្យធូរស្រាលជាងមុនបន្តិច ព្រោះការរីករាលដាលនៃមេរោគកូវីដ ១៩ ហាក់ឡើងដល់ចំណុចកំពូលរួចទៅហើយ។ លោក ដូណល់ ត្រាំ បានអះអាងថា ពេលបច្ចុប្បន្ននេះស្ថានភាពនៃការរាតត្បាតមេរោគកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិកបានឡើងដល់ចំណុចកំពូលហើយ ដែលស្ថានភាពទូទៅនឹងមិនវិវឌ្ឍន៍ទៅរកភាពអាក្រក់ជាងនេះទៀតទេ ផ្ទុយទៅវិញអ្វីៗនឹងផ្ដើមត្រលប់មករកភាពល្អប្រសើរវិញបន្តិចម្តងៗ ខណៈពេលនេះរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍ទូទៅបានយ៉ាងពេញលេញផងដែរ។ លោក ដូណល់ ត្រាំ បានធ្វើការប្រៀបធៀបថា ស្ថានភាពរបស់អាមេរិកនៅពេលនេះគឺដូចគ្នាទៅនឹងស្ថានភាពនៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីប៉ុន្មានខែមុនដែរ គឺឡើងដល់ចំណុចអាក្រក់បំផុត ហើយបន្ទាប់មកក៏ធូរស្រាលទៅវិញបន្តិចម្តងៗ ព្រោះតែគេអាចគ្រង់គ្រងស្ថានភាពបាន។

    ដោយការមើលឃើញយ៉ាងច្បាស់ដូចនេះហើយទើបអាមេរិកគ្រោងនឹងបើកផ្នែកមួយចំនួននៃប្រទេសឲ្យដំណើរការជាធម្មតាវិញ ជាពិសេសគឺតំបន់ដែលជាបេះដូងសេដ្ឋកិច្ចរបស់ជាតិតែម្តង។ ក្នុងសេចក្តីថ្លែងការដែលបានរៀបចំឡើងនៅឯសេតវិមានអាមេរិក លោក ដូណល់ ត្រាំ បានផ្ញើសារជាច្រើនទៅកាន់ប្រជាពលរដ្ឋខ្លួនឲ្យរង់ចាំទទួលដំណឹងល្អ និងភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយក៏បានអះអាងយ៉ាងច្បាស់ៗផងដែរថា មេរោគកូវីដ ១៩ នឹងមិនអាចធ្វើអាមេរិកដួលរលំទាំងស្រុងនោះទេ។ គួបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៦៧៨ ១៤៤ ករណី​ ស្លាប់ ៣៤ ៦៤១ ករណី ហើយទាំងតួលេខឆ្លងនិងស្លាប់ត្រូវបានគេមើលឃើញថា កើនឡើងយ៉ាងគំហុកតែម្តងដោយពេលខ្លះក្នុងរយៈពេលត្រឹម ២៤ ម៉ោងសោះ អាមេរិកមានអ្នកឆ្លងនិងស្លាប់រាប់ពាន់នាក់ឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: