យន្ដហោះធុនតូចមួយគ្រឿង ត្រូវបង្ខំចុះចតបន្ទាន់នៅលើផ្លូវហាយវេ ក្នុងប្រទេសកាណាដា
យន្តហោះធុនតូចមួយគ្រឿងត្រូវបង្ខំចុះចតជាបន្ទាន់នៅលើផ្លូវហាយវេ និងត្រូវជិះចៀសរថយន្តតូចធំ នៅលើដងផ្លូវខាងក្រៅទីក្រុងកេបិច ប្រទេសកាណាដា។ រូបភាពគួរឱ្យចាប់អារម្មណ៍បង្ហាញពីយន្ដហោះដែលកំពុងហោះពីលើរថយន្ដ ព្យាយាមរកកន្លែងច្បាស់ចុះចត ដោយមិនបង្កការខូចខាតអ្វីឡើយ។ នៅពេលដែលវារកឃើញចន្លោះល្មមចុះបានលើផ្លូវហាយវេលេខ ៤០ អ្នកបើកយន្តហោះបានគ្រប់គ្រងការចុះចតយ៉ាងរលូន ដោយមិនចាំបាច់ប៉ះអ្វី ឬធ្វើឱ្យនរណាម្នាក់រងរបួសឡើយ ទោះបីវាធ្វើដំណើរតាមផ្លូវតូចនិងមមាញឹកក៏ដោយ។

រូបភាពមិនគួរឱ្យជឿត្រូវបានចាប់យកដោយលោក Mathieu Leclerc កាលពីម្សិលមិញ នៅម៉ោងប្រហែល ១០ព្រឹក ហើយបង្ហាញពីវិធីដ៏ប៉ិនប្រសប់ ដែលអ្នកបើកយន្តហោះបានបើកយន្តហោះលើផ្លូវថ្នល់ ដើម្បីស្វែងរកកន្លែងចុះចតដោយសុវត្ថិភាព។ នៅថ្ងៃដដែលនោះអ្នកស្រុកម្នាក់បានចែកចាយវីដេអូនៅលើបណ្តាញសង្គម ដែលបង្ហាញថាយន្ដហោះត្រូវបានដឹកនៅខាងក្រោយឡានដឹកទំនិញឆ្លងកាត់ទីក្រុង ដោយមានអ្នកយាមផងដែរ។ យ៉ាងណាមិញគេមិនទាន់ដឹងថា ហេតុអ្វីបានជាយន្តហោះត្រូវបង្ខំឱ្យចុះចតជាបន្ទាន់នោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ Dailymail