អ្នកតវ៉ាប្រហែល ២,៥០០នាក់ ភាគច្រើនមិនពាក់ម៉ាស់ បានចេញមកតវ៉ាច្បាប់រក្សាគម្លាតនៅក្នុងរដ្ឋវ៉ាស៊ីនតោន
ប្រជាជនប្រមាណ ២,៥០០នាក់ បានប្រមូលផ្តុំគ្នានៅឯទីបញ្ជាការរដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ដើម្បីប្រឆាំងនឹងបទបញ្ជាស្នាក់នៅផ្ទះទប់ទល់នឹងការរាលដាលនៃវីរុស COVID-19 របស់អភិបាលរដ្ឋលោក Jay Inslee ដែលមកពីបក្សប្រជាធិបតេយ្យ។ មិនត្រឹមតែបំពានបំរាមមិនឱ្យប្រមូលផ្ដុំលើសពី ៥០នាក់ នោះទេ ពួកគេជាច្រើនថែមទាំងទៅតវ៉ាដោយមិនពាក់ម៉ាស់ទៀតផង។ នេះបើយោតាមការចុះផ្សាយរបស់ រ៉យទ័រ សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

ប៉ូលីសបានប៉ាន់ប្រមាណថា មានមនុស្សចំនួន ២,៥០០នាក់ បានចូលរួមការតវ៉ានេះ ដែលធ្វើឱ្យវាក្លាយជាការតវ៉ាដ៏ធំបំផុតមួយនៅក្នុងរដ្ឋ ប្រឆាំងនឹងការបិទទ្វារនាសប្តាហ៍កន្លងមកនេះ។ នៅទីក្រុង Olympia មានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាជិតជណ្តើរនៃអគារកាពីតូល និងជុំវិញអាងបាញ់ទឹក ដែលផ្ទុយនឹងគោលការណ៍ណែនាំសុខភាពរបស់រដ្ឋ និងសហព័ន្ធក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19។ អ្នកតវ៉ាបានជិះយានជំនិះរបស់ពួកគេ ហើយបានស៉ីប្លេ និងរារាំងផ្លូវជាដើម។
កាលពីថ្ងៃសុក្រលោក Trump ដូណាល់ ត្រាំ ក៏បានសរសេរលើ Twitter គាំទ្រសម្រាប់ការតវ៉ាស្រដៀងគ្នានេះ នៅក្នុងរដ្ឋ Michigan, Minnesota និងរដ្ឋ Virginia ដើម្បីរំដោះពួកគេពីច្បាប់រក្សាគម្លាត។ អភិបាលរដ្ឋលោក Jay Inslee នៅព្រឹកថ្ងៃអាទិត្យបាននិយាយថា សមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋ កំពុងគាំទ្រការបះបោរប្រឆាំងនឹងវិធានការណ៍រក្សាគម្លាតរបស់លោក ដែលវាមិនមែនជាដំណោះស្រាយនោះទេ វាកាន់តែធ្វើឱ្យមនុស្សមានហានិភ័យឆ្លងកាន់តែច្រើន៕




អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ