ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ១៦នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅតំបន់ Nova Scotia ប្រទេសកាណាដា

    BY autoadmin April 20, 2020
    យ៉ាងហោចណាស់មនុស្ស ១៦នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅតំបន់ Nova Scotia ប្រទេសកាណាដា

    យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារពាសពេញតំបន់ Nova Scotia ក្នុងប្រទេសកាណាដា។ ការស្លាប់ទាំង ១៦នាក់ មិនរាប់បញ្ចូលទាំងជនសង្ស័យ ដែលត្រូវបានប៉ូលីសរកឃើញថា បានស្លាប់នៅព្រឹកថ្ងៃបន្ទាប់ ក្បែរចំណតរថយន្តកាំមីញ៉ុងមួយកន្លែងក្នុងតំបន់។ ប៉ូលីសក៏មិនអាចបញ្ជាក់បានភ្លាមៗដែរថា តើមានមនុស្សប៉ុន្មាននាក់ដែលបានរងរបួសនៅក្នុងហេតុការណ៍នោះ និងថាតើមូលហេតុអ្វីបានជាជនល្មើសបានបាញ់ប្រហារមិនរើសមុខបែបនេះ។

    ខ្មាន់កាំភ្លើងត្រូវបានគេឱ្យដឹងថា មានឈ្មោះ​ Gabriel Wortman អាយុ៥១ឆ្នាំ។ ជនសង្ស័យបានគេចពីប៉ូលីសជាច្រើនម៉ោងពេញមួយយប់ថ្ងៃអាទិត្យ ខណៈដែលការបាញ់បោះត្រូវបានគេរាយការណ៍នៅទីតាំងជាច្រើនក្នុងតំបន់នោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ជនសង្ស័យក៏បានពាក់ឯកសណ្ឋានរបស់ក្រុមមន្ត្រីការពារជាតិ Royal Canadian Mounted Police ហើយក៏ទំនងជាបានប្រើប្រាស់រថយន្តប៉ូលីសធ្វើសកម្មភាពផងដែរ។ អំឡុងពេលតាមចាប់ជនល្មើសអាជ្ញាធរបានប្រកាស ឱ្យគ្រប់គ្នានៅតំបន់ដែលពាក់ព័ន្ធ ត្រូវនៅក្នុងផ្ទះចាក់សោរ ដើម្បីការពារពីហានិភ័យណាមួយ។

    ក្រោយទទួលបានដំណឹង នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានសរសេរសាររំលែកទុក្ខនៅលើ Twitter ថា៖ «ដួងចិត្តរបស់យើងនៅនឹងអ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារ» ដោយបន្ថែមថា «យើងចងចាំអ្នកទាំងអស់គ្នានៅក្នុងចិត្តរបស់យើង»។ លោកនាយករដ្ឋមន្ត្រីបានសរសេរសារសោកស្ដាយចំពោះការបាត់បង់ ខណៈមន្ត្រីដទៃទៀតក៏បានសរសេរសាររំលែកទុក្ខ ទៅដល់គ្រួសារមន្ត្រីដែលបានពលី និងគ្រប់គ្នាដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍អាក្រក់មួយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: