ទីក្រុងបាងកកបន្ដហាមឃាត់ការលក់គ្រឿងស្រវឹង រហូតដល់ដាច់ខែមេសានេះ
អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានប្រកាសនៅរសៀលទី២០ ខែមេសា ឆ្នាំ២០២០នេះថា ការហាមឃាត់ការលក់គ្រឿងស្រវឹង ដែលពីមុនបានកំណត់អស់សុពលភាពនៅយប់ថ្ងៃច័ន្ទនេះ នឹងត្រូវបន្តហាមឃាត់យ៉ាងហោចណាស់រហូតដល់ចុងខែមេសា។ ការប្រកាសហាមឃាត់គ្រឿងស្រវឹងនេះធ្វើតាមសកម្មភាពរបស់បណ្តាខេត្តជាច្រើននៅទូទាំងព្រះរាជាណាចក្រថៃ ដែលបានអនុវត្តការហាមឃាត់ការលក់គ្រឿងស្រវឹងក្នុងរយៈពេលជាងមួយសប្តាហ៍កាលពីសប្តាហ៍មុន ដោយសារមានការបារម្ភថាគ្រប់គ្នានឹងមានការសប្បាយជួបជុំ និងមិនអនុវត្តការរក្សាគម្លាត ភ្លេចគិតរឿង COVID-19 ដែលកំពុងរាតត្បាត។

បើតាមអភិបាលក្រុង Aswin Kwanmuang ហាមឃាត់ការលក់គ្រឿងស្រវឹងគឺមានន័យថា ដើម្បីបង្អាក់ការជួបជុំគ្នា និងលើកទឹកចិត្តឱ្យប្រជាជនស្នាក់នៅផ្ទះ និងឆ្ងាយពីសង្គមកុំឱ្យជួបជុំគ្នាផឹកស៊ី។ បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតនៅក្រោមក្រឹត្យគ្រាអាសន្ន ដើម្បីគ្រប់គ្រងការរីករាលដាលនៃ COVID-19 ហើយថៃក៏អនុវត្តការពិន័យយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលបំពានច្បាប់នេះដែរ។ ការធ្វើសង្គមកិច្ចលើគ្រឿងស្រវឹងត្រូវបានមន្ត្រីរដ្ឋាភិបាលថៃលើកឡើងថា ជាការបំពានលើក្រឹត្យដែលមានគោលបំណងបញ្ឈប់ការជួបជុំដោយមិនគិតពីទំហំ។
លើសពីនេះលោកអភិបាលក្រុងក៏បានថ្លែងផងដែរថា រាល់កន្លែងកម្សាន្តដូចជា៖ បារ ក្លឹបកម្សាន្ត ខារ៉ាអូខេជាដើម នឹងត្រូវបិទរហូតដល់យ៉ាងហោចណាស់ចុងខែមេសានេះផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ The Pattaya News