ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សប្បុរសជនជាង ១០ នាក់ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ព្រោះការចែកអំណោយរបស់ពួកគេបានធ្វើពលរដ្ឋប្រមូលផ្ដុំគ្នាយ៉ាងកកកុញផ្ទុយពីវិធានការទប់ស្កាត់ជំងឺកូវីដ ១៩

    BY autoadmin April 21, 2020
    សប្បុរសជនជាង ១០ នាក់ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ព្រោះការចែកអំណោយរបស់ពួកគេបានធ្វើពលរដ្ឋប្រមូលផ្ដុំគ្នាយ៉ាងកកកុញផ្ទុយពីវិធានការទប់ស្កាត់ជំងឺកូវីដ ១៩

    ថៃ៖ ជាទូទៅការចែករំលែកចំណីអាហារទៅកាន់ជនក្រីក្រ ឬជនទាំងឡាយណាដែលកំពុងតែប្រឈមនឹងភាពអត់ឃ្លានគឺជាសកម្មភាពដ៏ល្អ និងគួរឲ្យគោរពបំផុតមួយ។ យ៉ាងណាក្តី នៅក្នុងកាលៈទេសៈដែលសង្គមជាតិកំពុងតែរងនូវការគំរាមគំហែងដោយមេរោគកូវីដ ១៩ ដូចពេលបច្ចុប្បន្ននេះ សកម្មភាពសប្បុរសធម៌មួយចំនួនបានក្លាយទៅជារឿងខុសឆ្គងទៅវិញ ព្រោះតែសកម្មភាពទាំងនោះបានកើតឡើងក្នុងលក្ខខណ្ឌផ្ទុយពីវិធានការអនាម័យ ឬវិធានការរក្សាសុវត្ថិភាពផ្សេងៗ។ ជាក់ស្តែងសប្បុរសជនជាង ១០ នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ព្រោះតែពួកគេបានចែកចំណីអាហារទៅកាន់ជនក្រីក្រ ដែលបង្កឲ្យមានមនុស្សជាច្រើនប្រមូលផ្ដុំជួបជុំគ្នាយ៉ាងកកកុញ។

    ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ Krung Kasem ជិតសណ្ឋាគារ Sri Krung Hotel ក្នុងខណ្ឌ Pomprap Sattruphai នៃក្រុងបាងកក ប្រទេសថៃ ទើបតែអាជ្ញាធរថៃកំណត់អត្តសញ្ញាណបានកាលពីម្សិលមិញនេះ។ អាជ្ញាធរថៃបានប្រាប់ឲ្យដឹងថា ការចាប់ខ្លួនសប្បុរសជនទាំងនេះគឺដើម្បីពន្យល់ពីផលប៉ះពាល់នៃសកម្មភាពរបស់ពួកគាត់ និងប្រាប់ឲ្យពួកគាត់ត្រូវចេះពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីឲ្យគេអាចរៀបចំការចែកអំណោយបានល្អប្រសើរស្របតាមវិធានការអនាម័យ និងវិធានការការពារជំងឺកូវីដ ១៩។ អាជ្ញាធរថៃបានបញ្ជាក់ថា សកម្មភាពសប្បុរសធម៌ខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាយ៉ាងកកកុញ គ្មានគំលាតសង្គម (ឈរឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១,៥ ម៉ែត) ដែលផ្ទុយពីវិធានការរបស់អាជ្ញាធរសុខាភិបាល ទើបជំរុញឲ្យមានអន្តរាគមន៍ពីប៉ូលិសដូចនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: