ប្តីអាយុ៧០ឆ្នាំ ប្រពន្ធអាយុ៦៨ឆ្នាំ ជោគជ័យកើតបានកូនភ្លោះ ក្រោយព្យាយាមចង់បានកូនជាង៤០ឆ្នាំ តែមិនបានដូចបំណង
នីហ្សេរីយ៉ា៖ ទីបំផុតទៅប្តីប្រពន្ធអាយុ ៧០ ឆ្នាំមួយគូទទួលបានជោគជ័យក្នុងការផ្តល់កំណើតកូនដំបូងរបស់ពួកគាត់ ក្រោយពួកគាត់ព្យាយាមចង់បានកូនអស់រយៈពេល ៤៣ ឆ្នាំមកហើយ ចាប់តាំងពីរៀបការរួចមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail។ គូស្នេហ៍ចំណាស់នេះមានបុរសជាប្តីឈ្មោះ Noah អាយុ ៧០ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះ Margarett Adenuga អាយុ ៦៨ ឆ្នាំ ហើយពួកគាត់គឺជាជនជាតិនីហ្សេរីយ៉ាដូចគ្នា។ លោក Noah បានប្រាប់ឲ្យដឹងថា គាត់មានក្តីស្រមៃចង់បានកូនតាំងពីរៀបការរួចម្លេះតែមិនបានទាល់តែសោះ ហើយពួកគាត់បានព្យាយាមធ្វើគ្រប់យ៉ាងរាប់ចាំតាំងពីប្រើប្រាស់ថ្នាំលេប ថ្នាំចាក់ ប្រើប្រាស់ថ្នាំបុរាណ និងធ្វើតាមការណែនាំគ្រប់បែបយ៉ាងរបស់ក្រុមវេជ្ជបណ្ឌិតជំនាញ។

យ៉ាងណាក្តី ប្រពន្ធរបស់គាត់នៅតែគ្មានកូនជាច្រើនឆ្នាំមកនេះ ហើយស្រាប់តែឆ្នាំមុននេះទើបប្រពន្ធគាត់មានផ្ទៃពោះ និងជាកូនភ្លោះតែម្តង។ ភ្លាមៗក្រោយពេលមានផ្ទៃពោះវេជ្ជបណ្ឌិតបានប្រាប់ថា វាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ស្រ្តីអាយុជិត ៧០ ឆ្នាំទៅហើយក្នុងការសម្រាលកូនភ្លោះនោះ ហើយវេជ្ជបណ្ឌិតមិនលើកទឹកចិត្តឲ្យគាត់ទុកកូនភ្លោះនោះឡើយ។ យ៉ាងណាក្តី ព្រោះតែស្រលាញ់កូនខ្លាំងពួកគាត់ក៏ជំនះរក្សាទុកគាត់រហូតសម្រាល (ដោយវះកាត់) នៅមន្ទីរពេទ្យ Lagos University Teaching Hospital ប្រកបដោយសុវត្ថិភាព ហើយករណីនេះបានក្លាយជាករណីចម្លែកបំផុតមួយនៅលើពិភពលោកផងដែរ៕

មន្ទីរពេទ្យ Lagos University Teaching Hospital
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail