ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងញូវយ៉កសម្រេចរក្សាទុកសាកសពអ្នកជំងឺកូវីដ ១៩នៅក្នុងរថយន្តក្លាសេមួយរយៈសិន ដើម្បីបញ្ចៀសបញ្ហាកកស្ទះសាកសពនៅតាមមន្ទីរពេទ្យ និងកន្លែងបញ្ចុះសាកសព

    BY autoadmin April 23, 2020
    ក្រុងញូវយ៉កសម្រេចរក្សាទុកសាកសពអ្នកជំងឺកូវីដ ១៩នៅក្នុងរថយន្តក្លាសេមួយរយៈសិន ដើម្បីបញ្ចៀសបញ្ហាកកស្ទះសាកសពនៅតាមមន្ទីរពេទ្យ និងកន្លែងបញ្ចុះសាកសព

    អាមេរិក៖ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការថ្មីមួយដើម្បីឆ្លើយតបទៅនឹងចំនួនសាកសពអ្នកជំងឺកូវីដ ១៩ ដ៏ច្រើនលើសលុប គឺសម្រេចរក្សាទុកសាកសពនៅលើរថយន្ត ដែលគេប្រើសម្រាប់ក្លាសេ ឬបង្កកទំនិញផ្សេងៗមួយរយៈសិន ដើម្បីដោះស្រាយបញ្ហាកកស្ទះសាកសពនៅកន្លែងរក្សាទុកសាកសពនៅតាមមន្ទីរពេទ្យ និងកន្លែងបញ្ចុះសាកសព។ គិតមកត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្នុងទីក្រុងញូវយ៉កមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៦២ ២៦៨ ករណី និងស្លាប់ចំនួន ២០ ៣៥៤ ករណី ហើយតួលេខអ្នកឆ្លងនិងស្លាប់នេះគឺខ្ពស់ជាតំបន់ណាៗទាំងអស់ក្នុងសហរដ្ឋអាមេរិក។

    វិធានការដូចបានជម្រាបជូនខាងលើនេះត្រូវបានដាក់ចេញ ក្រោយកន្លែងរក្សាសាកសពនៅតាមមន្ទីរពេទ្យក្នុងក្រុងញូវយ៉កហាក់ផ្ទុកសាកសពលើសចំនួនកំណត់ទៅហើយ ខណៈទីបញ្ចុះសពក៏គ្មានកន្លែងគ្រប់គ្រាន់ដើម្បីទទួលសាកសពដែរ។ ការរក្សាទុកសាកសពនៅលើរថយន្តនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣-៤ ថ្ងៃ ទម្រាំតែគេអាចរកកន្លែងសមរម្យដើម្បីបញ្ចុះសាកសពបាន ហើយវិធានការនេះក៏បានអនុញ្ញាតឲ្យសាច់ញាតិសាកសពមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំបុណ្យសពផងដែរ។ សូមបញ្ជាក់ជូនថា រថយន្តដែលគេប្រើសម្រាប់ទុកសាកសពទាំងនោះនឹងដំណើរការដោយអគ្គិសនីចំពោះប្រព័ន្ធក្លាសេសាកសព ហើយវាមានប្រសិទ្ធភាពអាចរក្សាទុកសាកសពមិនឲ្យស្អុយរលួយរហូតដល់ ១៥ ថ្ងៃឯណោះ រាប់ចាប់តាំងពីថ្ងៃដែលជនរងគ្រោះបានស្លាប់មក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: