ជប៉ុនចាប់ផ្ដើមធ្វើការសាកល្បងការព្យាបាលវីរុសកូវីដ១៩ ដោយប្រើប្លាស្មាពីអ្នកជំងឺដែលជាពីវីរុសមុនៗ មកព្យាបាលអ្នកជំងឺថ្មីៗ
វេជ្ជបណ្ឌិតមួយក្រុមនៅប្រទេសជប៉ុន គ្រោងនឹងចាប់ផ្តើមធ្វើតេស្តព្យាបាលវីរុស COVID-19 ដោយប្រើប្លាស្មា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនNHK។ ក្រុមពេទ្យមកពីមជ្ឈមណ្ឌលជាតិសម្រាប់សុខភាពសកលនិងវេជ្ជសាស្ត្រ ត្រូវបានផ្តល់ការអនុញ្ញាតជាផ្លូវការពីគណៈកម្មាធិការសីលធម៌ ក្នុងការចាប់ផ្ដើមធ្វើតេស្ដនេះកាលពីថ្ងៃព្រហស្បតិ៍។ ការធ្វើតេស្ដនេះនឹងប្រើប្រាស់ប្លាស្មារបស់អ្នកជំងឺមុនៗដែលបានជាពីវីរុស ដើម្បីចាក់បញ្ចូលទៅអ្នកជំងឺថ្មីដែលត្រូវការការព្យាបាល។

គួរឱ្យដឹងដែរថា ប្លាស្មាមានផ្ទុកអង្គបដិប្រាណ (antibodies) ដែលអាចផ្តល់ភាពស៊ាំដល់មនុស្សម្នាក់ៗចំពោះវីរុស។ កាលពីមុនក៏មានរបាយការណ៍ស្តីពីការព្យាបាលលើករណីធ្ងន់ធ្ងរបានជោគជ័យ ដោយប្រើប្លាស្មានេះនៅក្នុងប្រទេសចិន។ ដូច្នេះក្រុមគ្រូពេទ្យជប៉ុនគ្រោងនឹងយកឈាមចំនួន ៤០០ មីលីលីត្រ ពីអ្នកជំងឺដែលបានជាពីវីរុសចំនួន ៥០នាក់ ហើយឱ្យវាទៅអ្នកជំងឺថ្មីចំនួន ៥០នាក់ផ្សេងទៀត សម្រាប់ការសាកល្បងនេះ។
ក្រុមវេជ្ជបណ្ឌិតសង្ឃឹមថា នឹងទទួលបានការបរិច្ចាគឈាមចាប់ពីសប្តាហ៍ក្រោយ ហើយចាប់ផ្តើមធ្វើតេស្ដក្នុងខែឧសភា។ វេជ្ជបណ្ឌិត Kutsuna Satoshi ដែលទទួលបន្ទុកការសាកល្បងព្យាបាលនិយាយថា ការព្យាបាលដោយអង្គបដិប្រាណក្នុងប្លាស្មានេះ ក៏បានបង្ហាញថាមានប្រសិទ្ធភាពចំពោះជំងឺអេបូឡាផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK