ដោយសារកូវីដ-១៩ ក្លឹបហាត់ប្រាណត្រូវបិទមួយរយៈ តែម្ចាស់ក្លឹបប្រមូលគ្រូបង្វឹកសាច់ដុំធំៗមកលក់ទុរេនវិញ ទាក់ទងភ្ញៀវចូលទិញយ៉ាងច្រើន ជាពិសេសភ្ញៀវស្រីៗ
ថៃ៖ រូបភាពក្រុមបុរសសាច់ដុំឈរលក់ទុរេនជាច្រើនសន្លឹកត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Facebook ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសគឺនារីៗតែម្តង។ ក្រោយប្រទះឃើញរូបភាពទាំងនេះរួច មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចង់ដឹងថា តើក្រុមបុរសសាច់ដុំទាំងនោះគឺជាអ្នកណា? នៅទីណា? ហើយសកម្មភាពលក់ទុរេននោះគឺជាការពិតឬសម្តែង? បើយោងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា សកម្មភាពលក់ទុរេនរបស់ក្រុមបុរសសាច់ដុំទាំងនោះគឺជារឿងពិត ដែលបានកើតឡើងនៅក្លឹបហាត់ប្រាណមួយកន្លែងក្នុងខេត្តឈៀងមៃ ប្រទេសថៃ។

ប្រភពខាងលើបានបញ្ជាក់ថា ក្រោយក្លឹបហាត់ត្រូវបានបិទទ្វារដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ ១៩ នោះ ម្ចាស់ក្លឹបហាត់ប្រាណក៏សម្រេចបន្ថែមអាជីវកម្មថ្មីមួយគឺលក់ទុរេន ហើយក្រុមបុរសសាច់ដុំទាំងនោះគឺសុទ្ធតែជាគ្រូបង្វឹកផ្នែកហាត់ប្រាណយកសាច់ដុំប្រចាំនៅក្នុងក្លឹបហាត់ប្រាណផងដែរ។ បើតាមម្ចាស់ក្លឹបហាត់ប្រាណខាងលើនេះបានឲ្យដឹងថា អាជីវកម្មលក់ទុរេននេះគឺផ្តល់គុណសម្បត្តិចំនួន ២ ដល់ក្លឹបរបស់គាត់ គឺទី ១ ជួយរកប្រាក់មកជួយទ្រទ្រង់ក្លឹបក្នុងអំឡុងពេលដែលក្លឹបត្រូវបិទទ្វារមួយរយៈនេះ និងទី ២ គឺជួយផ្តល់ចំណូលដល់ក្រុមគ្រូបង្វឹក ដែលបានខកខានមិនបានចំណូលពីការបង្ហាត់ប្រាណ។ អាជីវកម្មលក់ទុរេន ដែលមានសុទ្ធតែបុរសៗសាច់ដុំធំៗឈរចាំជួយរើស និងចាំជួយបកទុរេននោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអតិថិជនស្រីៗតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia