ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និយាយស្ដាប់គ្នាមិនបានពេក, ប៉ូលីសឥណ្ឌាប្រើវិធីសាស្ដ្រចាប់ពួកបំពានបំរាមគោចរ បញ្ជូនចូលរថយន្តសង្គ្រោះ ដែលមានអ្នកជំងឺកូវីដ១៩ នៅពីក្នុង

    BY autoadmin April 25, 2020
    និយាយស្ដាប់គ្នាមិនបានពេក, ប៉ូលីសឥណ្ឌាប្រើវិធីសាស្ដ្រចាប់ពួកបំពានបំរាមគោចរ បញ្ជូនចូលរថយន្តសង្គ្រោះ ដែលមានអ្នកជំងឺកូវីដ១៩ នៅពីក្នុង

    ទោះបីជាមានការព្រមានម្តងហើយម្តងទៀត អំពីហានិភ័យនៃវីរុស COVID-19 ក្នុងពេលមានការរីករាលដាលនៅឥណ្ឌាក៏ដោយ ក៏មានអ្នកខ្លះហាក់ដូចជាមិនខ្វល់ពីច្បាប់បំរាមគោចរនេះទេ។ នៅតាមទីក្រុងនានាទូទាំងប្រទេសឥណ្ឌា ប៉ូលីសឈរជើងនៅកន្លែងផ្សេងៗគ្នា ដើម្បីតាមចាប់ពួកអ្នកបំពានបំរាមទាំងនេះ។ ប៉ូលីសក៏ត្រូវបង្ខំចិត្តប្រើវិធីសាស្រ្តដាក់ទណ្ឌកម្មប្លែកៗជាច្រើន ដោយកាលពីលើកមុនយើងឃើញឥណ្ឌាបានពិន័យឱ្យសរសេរពាក្យសុំទោស ៥០០ដង ឬដាក់ទោសឱ្យធ្វើចលនាអង្គុយ/ឈរជាដើម។

    ជាក់ស្ដែងនាពេលថ្មីៗនេះមានការចែកចាយនូវវីដេអូមួយ ដែលបង្ហាញពីអ្នកបំពានបំរាមគោចរមួយចំនួនត្រូវបានប៉ូលីសចាប់ខ្លួន។ ប៉ូលីសមិនបានចាប់ពួកគេទៅទីណាឡើយ គឺចាប់ពួកគេដាក់ចូលក្នុងរថយន្តសង្គ្រោះបន្ទាន់មួយ ដែលខាងមន្ត្រីប៉ូលីសត្រៀមចតជិតខ្លួនស្រាប់ ខណៈក្នុងរថយន្តនោះមានអ្នកក្លែងធ្វើជាអ្នកជំងឺ COVID-19 ដើម្បីទុកបំភ័យអ្នកបំពានបំរាម។ ហេតុការនេះបានកើតឡើងនៅក្រុង Tirupur រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

    នៅក្នុងវីដេអូនោះបានបង្ហាញថា មនុស្ស ២ ៣នាក់ ត្រូវបានប៉ូលីសចាប់ដាក់ចូលរថយន្តសង្គ្រោះបន្ទាន់មួយនោះ ដោយសារពួកគេធ្វើដំណើរមិនពាក់ម៉ាស់ត្រឹមត្រូវខុសពីបំរាម។ ក្រោយមកគេឃើញថា អ្នកទាំងនោះមានការភ័យខ្លាចប្រកាច់បង្រះពេញដី ដោយដឹងថារថយន្តដែលពួកគេនឹងត្រូវជិះ​ គឺមានអ្នកជំងឺ COVID-19 នៅក្នុងនោះ។ វីដេអូត្រូវបានបង្ហោះចូលក្នុងបណ្ដាញហ្វេសប៊ុក ដោយមានអ្នកចូលមើល និងចែកចាយរាប់សែននាក់។ នៅចុងបញ្ចប់វីដេអូក៏មានបន្ថែមសារអប់រំរបស់មន្ត្រី ដែលនិយាយពីភាពសំខាន់ក្នុងការមិនចេញក្រៅ និងការចូលរួមក្នុងការទប់ស្កាត់វីរុសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ India Times

    Share This Post: