ចិនចាប់ផ្ដើមបិទកន្លែងហាត់ប្រាណ និងកន្លែងហែលទឹក ដោយសារភ័យខ្លាចរលកទី២ នៃវីរុសកូវីដ១៩
យោងតាមការចុះផ្សាយរបស់ DailyMail បានឱ្យដឹងថា ចិនកំពុងចាប់ផ្ដើមបិទកន្លែងហាត់ប្រាណ និងកន្លែងហែលទឹកនានានៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីភ័យខ្លាចថាប្រទេសនេះអាចនឹងប្រឈមនឹងរលកទី២ នៃការផ្ទុះឡើងនៃវីរុស COVID-19 ។ វាកើតឡើងបន្ទាប់ពីប្រទេសចិនទើបតែប្រកាសបិទទីក្រុង Harbin នៃខេត្ត Heilongjiang ដែលមានប្រជាជនរស់នៅទីនោះប្រមាណ ១០លាននាក់។

រលកនៃការផ្ទុះឡើងទី២នេះ អាចនឹងធ្វើឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវថយក្រោយមួយជំហាន ហើយពិចារណាលើការបន្ធូរបន្ថយការរឹតត្បឹតឡើងវិញ ខណៈដែលលោកគ្រោងនឹងចាប់ផ្ដើមសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ក្នុងនាមជាមហាអំណាចរបស់ពិភពលោកឡើងវិញ។ រំលឹកដែរថា ចិនពេលនេះមានករណីសរុបប្រមាណ ៨២,៨១៦ នាក់ និងមានអ្នកស្លាប់ ៤,៦៣២នាក់ ហើយមួយរយៈចុងក្រោយ ពោលគឺចាប់តាំងពីថ្ងៃទី២៤ ខែមេសា ប្រទេសចិនគ្មានករណីស្លាប់បន្ថែមនោះទេ។
ទោះជាយ៉ាងណាពិភពលោកនៅតែមានមន្ទិលថា តើប្រទេសចិនពិតជាបានរាយការណ៍ករណីពិតប្រាកដ ឬយ៉ាងណា នៅពេលដែលប្រទេសនៅអឺរ៉ុបជាច្រើន និងអាមេរិក មានករណីជាច្រើនទប់មិនជាប់បែបនេះ។ អាមេរិកផ្ទាល់ក៏បានចោទ WHO ថាលម្អៀងមកខាងប្រទេសចិន ហើយបានផ្ដាច់ជំនួយប្រមាណ ៤០០លានដុល្លារ ពីអង្គការនេះទៀតផង៕





អត្ថបទ៖ លីដា
ប្រភព៖ MailOnline