ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានជាពីសះស្បើយពីវីរុស កូវីដ-១៩ វិញហើយ

    BY autoadmin April 27, 2020
    នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានជាពីសះស្បើយពីវីរុស កូវីដ-១៩ វិញហើយ

    នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ពេលនេះបានជាសះស្បើយពីវីរុស COVID-19 វិញហើយ និងបានបង្ហាញខ្លួនជាលើកដំបូងនៅឯការិយាល័យ Downing Street របស់លោកផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈជាលើកដំបូង បន្ទាប់ពីសម្រាកព្យាបាលវីរុស COVID-19 នេះ លោកបាននិយាយថា លោកនឹងមិនទាន់បន្ធូរបន្ថយការរឹតត្បឹតក្នុងប្រទេសនៅឡើយទេព្រោះវាលឿនពេក។ នេះបើតាមការចុះផ្សាយរបស់ CNBC នាថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

    លោក Boris Johnson បាននិយាយថា ថ្វីបើអង់គ្លេសពេលនេះមានស្ថានការណ៍ល្អប្រសើរ និងឆ្លងផុតពីចំណុចកំពូលនៃការឆ្លងក៏ដោយ លោកសូមឱ្យប្រជាជនព្យាយាមអត់ធ្មត់ជាងនេះ ព្រោះថាពេលនេះជាអំឡុងពេលដែលត្រូវប្រយ័ត្នបំផុត ដើម្បីជោគជ័យក្នុងការគ្រប់គ្រងវីរុសនេះ។ លោកបន្ថែមថា ពេលវេលានៃការនៃការបន្ថយការរឹតត្បឹតនឹងមានឡើងយ៉ាងប្រាកដ ក៏ប៉ុន្តែលោកមិននិយាយថានៅពេលណានៅឡើយទេ។ លោកក៏បានអរគុណជនជាតិអង់គ្លេស ដែលតែងតែមានភាពប្ដេជ្ញាចិត្ត និងតស៊ូកន្លងមកផងដែរ។

    គួរឱ្យដឹងដែរថាលោក Boris Johnson បានវិលត្រឡប់មកការិយាល័យ និងលំនៅដ្ឋានរបស់គាត់នៅឯ Downing Street ភាគកណ្តាលទីក្រុងឡុងវិញ បន្ទាប់ពីចំណាយពេល ២សប្តាហ៍ នៅឯគេហដ្ឋាននាយករដ្ឋមន្ត្រី Chequers ព្យាបាលវីរុស COVID-19។ វាកើតឡើងចំពេលមានការរំពឹងទុកកាន់តែខ្លាំងថាលោក Boris Johnson នឹងអាចប្រកាសអំពីផែនការ ដើម្បីចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បឹតនៅអង់គ្លេសដើមសប្តាហ៍នេះ។ ប៉ុន្តែយ៉ាងណាវាហាក់ដូចជាលោកនាយករដ្ឋមន្ត្រីចង់កែប្រែការរឹកត្បឹត ច្រើនជាងការបន្ធូរបន្ថយទាំងស្រុងនៅពេលនេះ៕


    អត្ថបទ៖ លីដា
    ប្រភព៖ CNBC

    Share This Post: