ប៉ុន្មានខែមកនេះអ្នកនៅអាមេរិកបានស្លាប់ក្នុងសម័យវីរុសកូរ៉ូណា ច្រើនជាងស្លាប់នៅជំនាន់សង្គ្រាមជាមួយវៀតណាមទៅទៀត
អាមេរិកសព្វថ្ងៃនេះមានការកើនឡើងទាំងការឆ្លង និងការស្លាប់ ដែលបណ្ដាលមកពីវីរុស COVID-19 ហើយគ្មានប្រទេសណាវ៉ាដាច់អាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ New York Magazine។ គិតត្រឹមរយៈពេលមិនដល់ ៣ខែចុងក្រោយនេះ ពោលគឺនៅត្រឹមថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកនៅអាមេរិកប្រហែល ៥៨,៣៦៥នាក់ បានស្លាប់ដោយសារវីរុស COVID-19 ដែលតួលេខនេះជាចំនួនច្រើនបំផុតនៅក្នុងពិភពលោក ហើយច្រើនជាងការស្លាប់របស់អាមេរិកនៅជំនាន់សង្គ្រាមរវាង វៀតណាម-អាមេរិក ដែលកាលនោះមានជនជាតិអាមេរិកប្រមាណ ៥៨,២២០នាក់ ប៉ុណ្ណោះដែលបានស្លាប់ក្នុងសង្គ្រាមនៅវៀតណាម។

ថ្វីបើវៀតណាមមានតួលេខស្លាប់នៅក្នុងជំនាន់សង្គ្រាមរវាងប្រទេសទាំង២ ប៉ុន្តែសព្វថ្ងៃនេះវីរុស COVID-19 បានសម្លាប់អ្នកនៅអាមេរិកច្រើនជាងអ្វីទាំងអស់ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នៅក្នុងជំនាន់នោះឆ្នាំដែលមានស្លាប់ច្រើនបំផុតសម្រាប់កងទ័ពអាមេរិកនៅវៀតណាម គឺឆ្នាំ១៩៦៨ នៅពេលដែលទាហានប្រមាណ ១៦,៨៩៩នាក់ ក្នុងចំណោម ១០០,០០០នាក់ ត្រូវបានសម្លាប់។ ប៉ុន្តែទោះជាយ៉ាងណាអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអាមេរិកគឺមានច្រើនជាងនេះ ២ដង ឯណោះ។
តួលេខស្លាប់ដោយសារវីរុស COVID-19 ខ្ពស់បំផុតក្នុង១ថ្ងៃរបស់អាមេរិក មានដល់ទៅជាង ២,០០០នាក់ (នៅដើមខែមេសា) និងថ្ងៃខ្លះមានជិត ៣,០០០នាក់ (អំឡុងពាក់កណ្ដាលខែមេសា) ខណៈដែលតួលេខស្លាប់ច្រើនបំផុតក្នុង១ថ្ងៃរបស់ទ័ពអាមេរិកនៅវៀតណាម គឺមានតែ ២៤៦នាក់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨។ អ្វីដែលគួរឱ្យបារម្ភបំផុតគឺនៅពេលនេះអាមេរិកមានតួលេខឆ្លងច្រើនជាង ១,០០០,០០០ នាក់ ខណៈប្រជាជនក្នុងរដ្ឋមួយចំនួន កំពុងព្យាយាមតវ៉ាមិនឱ្យមានការរឹតត្បឹត ដើម្បីទប់ទល់នឹងវីរុស COVID-19 ទៅវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ New York Magazine