ម៉ូតូក៏លឿន ឡានក៏លឿន ដល់ផ្លូវបំបែកជាបួន ខាងម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកផ្ទប់នឹងចំហៀងឡាន បណ្តាលឲ្យបាក់ជើងទាំងសងខាង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុករថយន្ត PRIUS នៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៣០ កែងជាមួយផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AV-5936 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច ខណៈពេលដែលឆ្លងកាត់ផ្លូវបំបែកជាបួន កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក suzuki smah ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GD-2962 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ១៩៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកផ្ទប់ចំទ្វារចំហៀងខាងស្ដាំរថយន្តតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់បោកនឹងកញ្ចក់បែកក្បាល និងបាក់ជើងទាំងសងខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលទំនប់ទឹក ចុះមកកន្លែងកើតហេតុ ជួយទាក់ទងរថយន្តសង្គ្រោះគ្លីនិកឯកជនមន្ទីរសម្រាកព្យាបាល សម្ភពសែនជ័យ មកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញ ចុះមកបាញ់គំនូស និងវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត