សាលារៀនមួយនៅចិនដាក់របាំងជ័រឃាំងតាមតុ ដើម្បីជួយរក្សាគំលាតសុវត្ថិភាព កុំអោយសិស្សហូបបាយក្បែរគ្នា
ចិន៖ ទោះបីជារដ្ឋាភិបាលចិនហាក់អាចគ្រប់គ្រងស្ថានភាពនៃការរាតត្បាតមេរោគកូវីដ ១៩ បានក៏ពិតមែន តែពលរដ្ឋចិនគ្រប់រូបនៅតែបន្តអនុវត្តវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគមួយនេះសាជាថ្មីម្តងទៀត។ ជាក់ស្តែងនៅតាមសាលារៀនក្នុងប្រទេសចិនត្រូវបានគេកត់សម្គាល់ឃើញថា បានសម្រេចដាក់ចេញនូវវិធានការជាច្រើនដូចជា ឲ្យសិស្សរក្សាគំលាតពីគ្នាឲ្យបាន ១ ម៉ែត្រពេលអង្គុយក្នុងថ្នាក់រៀន ត្រួតពិនិត្យសុខភាពគ្រប់សិស្សទាំងអស់ជាប្រចាំមុនពេលចូលរៀន ហើយសិស្សទាំងអស់តម្រូវឲ្យពាក់ម៉ាស និងលាងដៃជាប្រចាំផងដែរ។

ដោយឡែកសាលារៀនមួយកន្លែងនៅក្នុងក្រុងសៀងហៃវិញបានរៀបចំកន្លែងញ៉ាំបាយសម្រាប់សិស្សគួរឲ្យចាប់អារម្មណ៍មួយគឺគេបានយករបាំងជ័រដាក់រៀបនៅលើតុដើម្បីឃាំងសិស្សម្នាក់ៗកុំឲ្យអង្គុយទល់មុខគ្នាឬនៅក្បែរគ្នា ហើយរបាំងនោះនឹងជួយការពារមិនឲ្យមានការខ្ទាតទឹកម៉ាត់ដាក់គ្នាបានផងដែរ។ បន្ទាប់ពីក្រុមសិស្សញ៉ាំបាយរួចបុគ្គលិកនៅក្នុងសាលាត្រូវមកសម្អាតតុនិងរបាំងនោះជាប្រចាំផងដែរ ដើម្បីការពារកុំឲ្យមានមេរោគផ្សេងៗតោងជាប់នៅលើរបាំង។ វិធានការខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការរួចំណែកដ៏ល្អមួយរបស់សាលារៀននិងក្រុមកូនសិស្សក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩៕


អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz